(ប្រេតូរីយ៉ា)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានបន្ទោសអង្គការណាតូ (NATO) សម្រាប់ការចូលរួមចំណែកបង្កឲ្យមានសង្រ្គាមអ៊ុយក្រែន តាមរយៈការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅភាគខាងកើតព្រំដែននៃមាត់ទ្វារផ្ទះរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

លោក រ៉ាម៉ាហ្វូសា បានប្រាប់សមាជិកសភាអាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូច្នេះថា «សង្រ្គាមអាចនឹងមិនកើតឡើង ប្រសិនបើណាតូ ស្តាប់ការព្រមានពីមេដឹកនាំនៃប្រទេសជាសមាជិក និងមន្រ្តីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថាការពង្រីកឥទ្ធិពលទៅកាន់ភាគខាងកើត នឹងនាំឲ្យមានអស្ថិរភាពក្នុងតំបន់កាន់តែខ្លាំង»

លោកបន្ថែមថា «វាជារឿងសំខាន់ក្នុងការយល់ដឹងអំពីមូលហេតុនៃវិបត្តិនេះ ប៉ុន្តែមិនមែនបានន័យថា យើងយល់ស្របចំពោះការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនទេ។ យើងមិនអាចលើកលែងទោសចំពោះការប្រើកម្លាំង ឬការរំលោភច្បាប់អន្តរជាតិបានឡើយ»

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់នៅឆ្នាំ១៩៩១, ណាតូត្រូវបានរុស្ស៊ីចោទប្រកាន់ថាបានពង្រីកសម្ព័ន្ធភាព ដោយបញ្ចូលបន្ថែមអតីតប្រទេស នៅក្នុងកាតិកាសញ្ញាវ៉ាសូវី «Warsaw» និងអតីតសាធារណរដ្ឋសហភាពសូវៀត ទៅជាសមាជិករបស់ខ្លួន ដោយចាប់ផ្តើមពីប៉ូឡូញ ហើយក្រោយមក ទើបអ៊ុយក្រែន និងហ្ស៊កហ្ស៊ី បានស្នើសុំ ដើម្បីចូលរួមជាមួយប្លុកនេះ តែមិនទាន់អាចចូលបាននៅឡើយ។

ទីក្រុងមូស្គូ បានប្រឆាំងយ៉ាងខ្លាំងចំពោះវត្តមានរបស់អង្គការណាតូ នៅក្បែរព្រំដែនរបស់ខ្លួន ហើយបានទាមទារការធានាសន្តិសុខពីអាមេរិក និងណាតូ ព្រមទាំងបញ្ឈប់ការពង្រីកប្លុកយោធាមួយនេះ។ ប៉ុន្តែ ប្រទេសលោកខាងលិច មិនអើពើចំពោះការព្រួយបារម្ភរបស់រុស្ស៊ីឡើយ។ នៅថ្ងៃទី២៤ ខែកុម្ភៈ លោក វ្លាឌីមៀ ពូទីន បានប្រកាសបើកប្រតិបត្តិការយោធាពិសេសមួយ ដើម្បីផ្ដួលរំលំរបបយោធា និងគំនិតអ្នកជាតិនិយមណាហ្ស៊ី នៅអ៊ុយក្រែន និងចង់ឲ្យមានការធានាពីរដ្ឋាភិបាលទីក្រុងកៀវ ថាគ្មានការគំរាមកំហែងដល់រុស្ស៊ី ឬសាធារណរដ្ឋដុនបាស់៕