(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងក្លាយជារបៀវារៈសំខាន់សម្រាប់មេដឹកនាំប្រទេសទាំង២។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សេតវិមានបានឱ្យដឹងទៀតថាកិច្ចពិភាក្សារវាង លោក បៃដិន និងលោក ស៊ី ជិនពីង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងតាមទូរស័ព្ទរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិត ចិន ហើយវានឹងក្លាយជាកិច្ចសន្ទនាដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីបានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីខែវិច្ឆិកា ឆ្នាំ២០២១មក៕

បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ី ជិនពីង នឹងពិភាក្សាគ្នាលើប្រធានបទមួយចំនួនរួមមានការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង២ រួមទាំងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងកង្វល់រួមនៃប្រទេសទាំង២។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីកិច្ចពិភាក្សារវាងលោក បៃដិន និងលោក ស៊ី ជិងពីង កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានចិនកុំឱ្យផ្ដល់ ជំនួយ ឬជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន ក្រោយមានព័ត៌មានថារុស្ស៊ីបានស្នើឱ្យសុំជំនួយពីចិន ហើយមិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញ ឱ្យចិន ថ្កោលទោសរុស្ស៊ីផងដែរ៕