(ប៊ែកឡាំង)៖ ប្រទេសអាល្លឺម៉ង់ នឹងលុបចោលការកំហិតមួយចំនួនធំ ដែលត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវី១៩ បើទោះបីជា ករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេស បានកើនឡើងដល់កម្រិតខ្ពស់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយ បន្ទាប់ពីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋចំនួន១៦ របស់អាល្លឺម៉ង់ថា កំណត់ត្រាករណីឆ្លងប្រចាំថ្ងៃ ដែលមានចំនួនជិត ៣០០,០០០នាក់ គឺមិនមែនជាដំណឹងល្អនោះទេ ប៉ុន្តែការលុបចោល ឬបន្ធូរបន្ថយវិធានការរឹតបន្តឹង មួយចំនួនត្រូវតែធ្វើឡើង ដើម្បីជួយសម្រាលបន្ទុករបស់វិស័យសុខាភិបាលរដ្ឋនានា។

គិតត្រឹមថ្ងៃទី២០ ខែមីនា, ការតម្រូវឲ្យពាក់ម៉ាសនឹងត្រូវបានដកចេញ នៅទីតាំងក្នុងអគារមួយចំនួនដូចជាសាលារៀន ឬ ផ្សារទំនើប ប៉ុន្តែនៅក្នុងគ្លីនិក និងមណ្ឌលថែទាំសុខភាព នៅតែមានកាតព្វកិច្ចពាក់ម៉ាស់ដដែល។ ថ្នាក់ដឹកនាំរដ្ឋចំនួន១៦ របស់អាល្លឺម៉ង់នឹងមានសិទ្ធិក្នុងការដាក់វិធានការឡើងវិញ នៅតាមទីតាំងដែលមានការឆ្លងរាលដាលខ្លាំងត្រូវបានរាយការណ៍ ឬមន្ទីរពេទ្យដែលមានអ្នកជំងឺសម្រាកព្យាបាលច្រើន។

គួរបញ្ជាក់ថា សភាជាតិនៃប្រទេសអាល្លឺម៉ង់ កំពុងពិភាក្សាអំពីកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប៉ុន្តែអាចចំណាយពេលច្រើនសប្តាហ៍ មុនពេលសម្រេចចិត្តចុងក្រោយ។ បើតាមគេហទំព័រ worldometers, អាល្លឺម៉ង់មកទល់នឹងពេលនេះមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨.១៤លាននាក់ ក្នុងនោះស្លាប់ ១២៧,០៧២នាក់ និងជាសះស្បើយឡើងវិញ ១៤.១៤លាននាក់៕