(ប្រាទីស្លាវ៉ា)៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក ហ្សារ៉ូស្លាវ ណាដ (Jaroslav Nad) បានអះអាងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសរបស់លោក មានបំណងផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ប្រសិនបើសម្ព័ន្ធមិត្ត NATO អាចរកអ្វីផ្សេងមកជំនួសឱ្យស្លូវ៉ាគីវិញ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

លោក ហ្សារ៉ូស្លាវ ណាដ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅឯក្រសួងការពារជាតិស្លូវ៉ាគី ក្នុងរដ្ឋធានីបា្រទីស្លាវ៉ា (Bratislava)។ លោក ហ្សារ៉ូស្លាវ បានបញ្ជាក់ដូច្នេះថា «យើងបាន និងកំពុងស្ថិតនៅក្នុង កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក អ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តដទៃស្ដីពីលទ្ធភាពក្នុងការដាក់ពង្រាយ, បញ្ជូន ឬផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ហើយយើងពិតជាមានបំណងធ្វើដូច្នេះ»

ប៉ុន្តែ ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អូស្ទីន មិនបានឆ្លើយតបថាតើសហរដ្ឋអាមេរិកមានបំណង ឬទទួលយកសំណើរបស់ស្លួវ៉ាគី ឬក៏យ៉ាងណានោះទេ។ «ខ្ញុំមិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយសម្រាប់អ្នកទាំងអស់គ្នាឡើយ នៅរសៀលនេះ។ តែនេះគឺជារឿងដែលយើងកំពុង បន្តធ្វើការជាមួយសម្ព័ន្ធមិត្តទាំងអស់របស់យើង ហើយជាការពិត នេះមិនមែនត្រឹមតែជាបញ្ហាសម្រាប់អាមេរិកទេ តែវាក៏ជាបញ្ហារបស់ NATO ដែរ»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។

គួរបញ្ជាក់ថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និង NATO បញ្ជូនជំនួយបន្ថែមមកឱ្យអ៊ុយក្រែន ហើយលោកផ្ទាល់ក៏នៅតែ ស្នើឱ្យបង្កើតតំបន់គ្មានការហោះហើរផងដែរ។ ប៉ុន្តែ ទាំងអាមេរិក និង NATO បានច្រានចោលការស្នើនេះ ព្រោះបារម្ភខ្លាចផ្ទុះសង្រ្គាម ឬជម្លោះ ដោយផ្ទាល់ជាមួយរុស្ស៊ី៕