(ឡង់ដ៍)៖ ទីភ្នាក់ងារអវកាសអឺរ៉ុបបានប្រកាសផ្អាកបេសកកម្ម ExoMars របស់ខ្លួនទៅកាន់ភពអង្គារ ដោយសារសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឲ្យការហោះហើររបស់រុស្ស៊ីមិនអាចធ្វើទៅរួចបាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន INDEPENDENT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

រដ្ឋជាសមាជិកនៃទីភ្នាក់ងារអវកាសអឺរ៉ុប (Esa) បានបោះឆ្នោតជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីផ្អាកបេសកកម្មរួមគ្នាជាមួយរុស្ស៊ី ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

ទីភ្នាក់ងារអវកាសអ៊ឺរ៉ុបបានគូសបញ្ជាក់ថា វេលានេះមិនអាចធ្វើការជាមួយសមភាគីរុស្ស៊ីបានទេ សម្រាប់ការបាញ់បង្ហោះយាននៅឆ្នាំ២០២២។ ដូចនេះខ្លួននឹងផ្អាកការបាញ់បង្ហោះយាន និងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីព្យាយាមទៅកាន់ភពព្រះអង្គារ ដោយមិនចាំបាច់ពឹងផ្អែកលើគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី។

យានរ៉ូវ័រ (Rover)ដែលបានផ្តុំនៅចក្រភពអង់គ្លេស និងដាក់ឈ្មោះថា Rosalind Franklin នឹងត្រូវរក្សាទុក រហូតដល់មធ្យោបាយនាំវាទៅកាន់ភពព្រះអង្គារត្រូវបានរកឃើញ៕