(មូស្គូ)៖ វិមានក្រឹមឡាំងប្រកាសច្រានចោលការបង្គាប់របស់តុលាការកំពូល នៃអង្គការសហប្រជាជាតិដែលបញ្ជាឲ្យប្រទេសរុស្ស៊ីបញ្ឈប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីចៅក្រមនៅទីក្រុងឡាអេ បានប្រកាសសេចក្តីសម្រេចរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «យើងមិនអាចទទួលយកការសម្រេចចិត្តនេះបានទេ» ដោយបន្ថែមថា ភាគីទាំងពីរ (រុស្ស៊ី និងអ៊ុយក្រែន) ត្រូវតែយល់ព្រមរួមគ្នាសម្រាប់សេចក្តីសម្រេចមួយនេះ ទើបអាចអនុវត្តបាន។

គួរបញ្ជាក់ថា ចៅក្រមនៃតុលាការ ICJ ចេញសេចក្ដីបង្គាប់ខាងលើនៅក្នុងសំឡេងគាំទ្រ១៣ ទល់នឹង២សំឡេងជំទាស់។ តុលាការអន្តរជាតិមួយនេះបានបញ្ជាក់ ដូច្នេះថា «សហព័ន្ធរុស្ស៊ី ត្រូវតែបញ្ឈប់ប្រតិបត្តិការយោធាដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក នៅលើទឹកដីអ៊ុយក្រែន ជាបន្ទាន់»

បន្ថែមពីលើនេះ ចៅក្រមតុលាការ ICJ បានជំរុញឱ្យរុស្ស៊ីធានាឱ្យបានថាកម្លាំងដទៃដែលស្ថិតនៅក្រោមគ្រប់គ្រង ឬទទួលបានការគំាទ្រពីទីក្រុងម៉ូស្គូ ក៏ត្រូវបញ្ឈប់សកម្មភាពយោធាផងដែរ៕