(សៅប៉ូឡូ)៖ ប្រេស៊ីលបានស្នើសុំជំនួយពីរុស្ស៊ី ក្នុងការអភិវឌ្ឍសមត្ថភាពនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាលើកដំបូងរបស់ខ្លួន ក្នុងកំឡុង ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ្សាអៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) ទៅកាន់ទីក្រុងមូស្គូកាលពីខែមុន។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មានរុស្ស៊ី RT ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានប្រេស៊ីល ហ្វូលហា ឌឺ សៅប៉ូឡូ (Folha de S.Paulo) បានឱ្យដឹងនៅថ្ងៃពុធ សប្តាហ៍នេះថាប្រេស៊ីលក៏បានស្វែងរកជំនួយពីទីក្រុងវ៉ាស៊ីនតោន លើប្រភពឥន្ធនៈសម្រាប់ម៉ាស៊ីរ៉េអាក់ទ័រនុយក្លេអ៊ែរ និង «បញ្ហាវិស្វកម្ម»។ ប៉ុន្តែ ការចរចាត្រូវបានផ្អាកកាលពីឆ្នាំ២០១៨។

ក្រោយមក ទើបប្រេស៊ីលបានងាកទៅរកជំនួយពីប្រទេសរុស្ស៊ី។ លោក ប៊ុលសូណារ៉ូ ធ្លាប់បានស្នើសុំលោក វ្ល៉ាឌីមៀ ពូទីនសម្រាប់ជំនួយក្នុងការផលិត នាវាមុជទឹក ក្នុងពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែកុម្ភៈកន្លងទៅ។ ដំណើរទស្សនកិច្ចនេះនេះបានធ្វើឡើងមួយសប្តាហ៍ មុនពេលរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន។

បើតាមក្រុមមន្រ្តីប្រេស៊ីលដែលបានជួបជាមួយទីភ្នាក់ងារថាមពលនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី (Rosatom) កិច្ចព្រមព្រៀងត្រូវបានព្រៀងឡើងរួចរាល់ហើយលើការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់ប្រេស៊ីល និងសេវាថែទាំ។ តែទោះជាយ៉ាងណានេះក្តី បន្ទាប់ពី ត្រឡប់មកប្រេស៊ីលវិញ លោក ប៊ុលសូណារ៉ូ បាននិយាយថា ប្រេស៊ីលចាប់អារម្មណ៍លើបច្ចេកវិទ្យានុយក្លេអ៊ែររបស់រុស្ស៊ី «ព្រោះយើងចងជំរុញ ការអភិវឌ្ឍនាវាមុជទឹករបស់យើង»

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Folha de S.Paulo អនាគតនៃកិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដោយសារតែ ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកំពុងបន្ត ស្របពេលប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក និងសមាជិកសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងលើប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ ប្រេស៊ីលបានចាប់ផ្តើមសាងសង់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន(Alvaro Alberto) កាលពីចុងឆ្នាំ២០២១ ហើយមានផែនការដាក់ឲ្យដំណើរការនៅឆ្នាំ២០៣១៕