(ប៉េកាំង)៖ ពេលថ្មីៗនេះ អត្តពលិកជនពិការលំដាប់ពិភពលោកជិត៦០០នាក់ ដែលធ្វើដំណើរមកពីប្រទេសជាច្រើន នៅលើពិភពលោក បានចូលរួមប្រកួតប្រជែងអស់ពីសមត្ថភាព ក្នុងព្រឹតិ្តការណ៍កីឡាអូឡាំពិកជនពិការរដូវរងាលើកទី១៣ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្រោយពីពិធីបើកសម្ពោធដ៏ស្រស់បំព្រង ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុង ពហុកីឡាដ្ឋានសំបុកសត្វបក្សី កាលពីថ្ងៃសុក្រ ទី៤ ខែមីនា កន្លងទៅថ្មីៗនេះ។

ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកជនពិការនេះ មិនត្រឹមតែឆ្លុះបញ្ចាំងនូវស្មារតីស្រឡាញ់កីឡា របស់រដ្ឋាភិបាល និងប្រជាជនចិនតែប៉ុណ្ណោះទេ តែព្រឹត្តិការណ៍នេះថែមទាំងឆ្លុះបង្ហាញ នូវវឌ្ឍនភាពនៃកីឡាជនពិការ នៅក្នុងប្រទេសចិន ព្រមទាំងការយកចិត្តដាក់របស់រដ្ឋាភិបាលចិន ក្នុងការពង្រឹងលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ក្រុមមនុស្ស ដែលងាយរងគ្រោះ ដូចជាជនពិការជាដើម។
វិធីសាស្រ្តការពារសិទ្ធិមនុស្សដែលរដ្ឋាភិបាលចិនបានប្រកាន់យក គឺជាវិធីសាស្រ្តមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលផ្ដោតការយកចិត្តទុកដាក់ជាចម្បងចំពោះប្រជាជន ដោយចាត់ទុកសុខមាលភាពរបស់ប្រជាជនគឺជាសិទ្ធិស្នូល ចាត់ទុកការអភិវឌ្ឍសិទ្ធិមនុស្សគ្រប់ជ្រុងជ្រោយជាអាទិភាព និងផ្តោតទៅលើការការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមមនុស្ស ដែលងាយរងគ្រោះ ដូចជាជនពិការជាដើម។

អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយដែលប្រទេសចិនបានផ្ដល់សារៈសំខាន់ចំពោះបុព្វហេតុរបស់ជនពិការ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនពិការ។ ប្រទេសចិនគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងនានា ដែលបានអំពាវនាវឲ្យបង្កើត អនុសញ្ញាអង្គការសហប្រជាជាតិ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ជនពិការ និងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានចុះហត្ថលេខាលើអនុញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីការការពារសិទ្ធិជនពិការ។ នៅក្នុងប្រទេស រដ្ឋាភិបាលចិនបានផ្ដោតការយកចិត្តទុកដាក់ជាចម្បង ទៅលើការពង្រឹងកែលម្អសុខមាលភាព និងស្វ័យភាពរបស់ជនពិការ និងធានានូវសិទ្ធិសេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ និងសេចក្ដីថ្លៃថ្នូរបស់ពួកគេ។

កម្មវិធីជាច្រើនសម្រាប់ជនពិការត្រូវបានដាក់បញ្ចូលទៅក្នុង យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផែនការសកម្មភាព ស្ដីពីសិទ្ធិមនុស្សរបស់ប្រទេសចិន ដែលជាលទ្ធផល នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាសិទ្ធិជនពិការ ត្រូវបានគោរពនិងការពារកាន់តែប្រសើរជាងមុន។ និយាយម្យ៉ាងទៀត គោលដៅចម្បងរបស់រដ្ឋាភិបាលចិន គឺសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ប៉ុន្តែទន្ទឹមគ្នានោះ រដ្ឋាភិបាលចិនក៏មានគោលដៅធានាឲ្យបានថា ប្រជាជនគ្រប់រូបនឹងទទួលបានចំណែកផលប្រយោជន៍នៃការអភិវឌ្ឍទាំងនោះ ដោយពុំមានប្រជាជនណាម្នាក់ ជាពិសេសប្រជាជនដែលងាយរងគ្រោះ ដូចជាជនពិការជាដើម ត្រូវបានផាត់ចេញ ដោយពុំទទួលបានចំណែកផលប្រយោជន៍ នោះឡើយ។

ការចូលរួមក្នុងសកម្មភាពកីឡា គឺជាធាតុមួយដ៏សំខាន់ក្នុងការពង្រឹងសុខភាព ស្ដារសមត្ថភាពរាងកាយ ពង្រឹងទំនុកចិត្តលើខ្លួនឯង និងពង្រឹងឯករាជ្យភាពក្នុងការអភិវឌ្ឍខ្លួនឯងរបស់ជនពិការ ជាងនេះទៅទៀត ការចូលរួមក្នុងសកម្មភាពកីឡា ក៏នឹងផ្ដល់ឱកាសឲ្យជនពិការចូលរួម ក្នុងសកម្មភាពសង្គម និងបង្ហាញនូវសមត្ថភាពរបស់ពួកគេ ចំពោះមុខសាធារណជន ដែលវានឹងជួយលើកកម្ពស់គុណតម្លៃរបស់ជនពិការ និងបង្កើនការយល់ដឹងនិងការគោរពរបស់សាធារណជន ចំពោះជនពិការ ដែលនឹងជួយលើកកម្ពស់សមភាពរបស់ជនពិការ និងជំរុញការធ្វើសមាហរណកម្មរបស់ជនពិការចូលទៅក្នុងសង្គម។ រដ្ឋាភិបាលចិន បានដាក់ចេញនិងអនុវត្តវិធានការ និងគោលនយោបាយជាច្រើន ដើម្បីជំរុញការចូលរួមរបស់ជនពិការ នៅក្នុងសកម្មភាពកីឡា។

រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ បានខិតខំស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីផ្ដល់សេវាដល់ជនពិការនៅថ្នាក់មូលដ្ឋាន និងរៀបចំសកម្មភាពស្ដារនិតិសម្បទា និងពង្រឹងសុខភាពរបស់ជនពិការ តាមរយៈសកម្មភាពកីឡា។ រហូតមកដល់ពេលនេះ គេសង្កេតឃើញថា មណ្ឌលស្ដារនិតិសម្បទា និងកីឡាសម្រាប់ជនពិការជាច្រើន ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ហើយសកម្មភាពកីឡាជនពិការនៅក្នុងប្រទេសចិន ក៏កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ក្រៅពីជំរុញសកម្មភាពកីឡាជនពិការនៅក្នុងស្រុក រដ្ឋាភិបាលចិនក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងកិច្ចការកីឡាអន្តរជាតិសម្រាប់ជនពិការ ព្រមទាំងបន្តបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា និងអង្គការអន្តរជាតិ សម្រាប់ជនពិការនានាផងដែរ។ រហូតមកដល់ពេលនេះ ប្រទេសចិន បានចូលរួមចំណែករៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិសម្រាប់ជនពិការ ជាច្រើនលើករួមកហើយ។ ក្នុងឆ្នាំ១៩៩៤ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាតំបន់ប៉ាស៊ីហ្វិកខាងត្បូង និងចុងបូព៍ាលើកទី៦សម្រាប់ជនពិការ ក្នុងឆ្នាំ២០០៧ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡារដូវក្ដៅពិភពលោកអូឡាំពិកពិសេស នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ២០០៨ ប្រទេសចិនបានរៀបចំការប្រកួតកីឡាអូឡាំពិកជនពិការរដូវក្ដៅ នៅទីក្រុងប៉េកាំង ក្នុងឆ្នាំ២០១០ ប្រទេសបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាជនពិកាទ្វីបអាស៊ី នៅទីក្រុងក្វាងចូវ ហើយក្នុងឆ្នាំ២០២២នេះ ប្រទេសចិនក៏កំពុងត្រៀមខ្លួនរៀបចំការប្រកួតកីឡាជនពិការទ្វីបអាស៊ី នៅទីក្រុងហាងចូវ ផងដែរ។

និយាយជារួម ការរៀបចំព្រឹតិ្តការណ៍កីឡាអូឡាំពិកជនពិការរដូវរងារនេះ បានឆ្លុះបង្ហាញឲ្យឃើញកាន់តែច្បាស់ នូវការរអភិវឌ្ឍរីកចម្រើននៃសកម្មភាពកីឡាជនពិការ និងសិទ្ធិជនពិការ នៅក្នុងប្រទេសចិន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការពង្រឹងលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្សគ្រប់ជ្រុងជ្រោយ ជាពិសេសសិទ្ធិរបស់ក្រុមមនុស្សដែលងាយរងគ្រោះ ដូចជាជនពិការជាដើម៕