(តេហ្គូស៊ីហ្កាល់ប៉ា)៖ ចៅក្រមមួយរូបនៅប្រទេសហុងឌូរ៉ាស កាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចផ្តល់ការយល់ព្រម ចំពោះការស្នើសុំធ្វើបត្យាប័ន អតីតប្រធានាធិបតីហុងឌូរ៉ាស លោក ហ័ន អ័រលេនដូ ហឺណាន់ដេស (Juan Orlando Hernandez) ទៅកាន់សហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ ខណៈដែលមេធាវីការពារក្តីរបស់ លោក ហឺណាន់ដេស ថានឹងប្តឹងឧទ្ធរណ៍បន្តទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

យ៉ាងណាមិញ បើតាម លោក ហ្វីឡិច អាវីឡា (Felix Avila) ដែលជាមេធាវីការពារក្តីម្នាក់ របស់លោក ហឺណាន់ដេស បានប្រាប់ក្រុមអ្នកកាសែត នៅខាងក្រៅតុលាការថា «យើងនឹងដាក់ពាក់បណ្តឹងឧទ្ធរណ៍ ដើម្បីចៀសវាងការធ្វើបត្យាប័ន»

អាជ្ញាធរនៅសហរដ្ឋអាមេរិក បានចោទប្រកាន់ថា អតីតមេដឹកនាំស្តាំនិយមរូបនេះ មានជាប់ពាក់ព័ន្ធក្នុងបណ្តាញជួញដូរគ្រឿងញៀន កាលពីចន្លោះឆ្នាំ២០០៤-២០២២។ លោក ហឺណាន់ដេស វ័យ៥៣ឆ្នាំ ក៏ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ដើម្បីការពារអ្នកជួញដូរគ្រឿងញៀន ពីការស៉ើបអង្កេតនិងកាត់ទោសផងដែរ ព្រមទាំងពីបទប្រើប្រាស់ ឬក៏ជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់ការប្រើប្រាស់អាវុធ។

គួរបញ្ជាក់ថា លោក ហឺណាន់ដេស ដែលត្រូវបានជំនួសតំណែងដោយប្រធានាធិបតី លោកស្រី ហ្ស៊ីអូម៉ារ៉ា កាសស្រ្តូ (Xiomara Castro) ដែលជាមេដឹកនាំឆ្វេងនិយម ក្រោយការកាន់អំណាចអស់រយៈពេល៨ឆ្នាំនោះ បានបដិសេធថាលោកមិនមានកំហុសអ្វីទាំងអស់។ អតីតប្រធានាធិបតីហុងឌូរ៉ាសរូបនេះ កំពុងស្ថិតក្រោមការឃុំឃាំង ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំនេះ៕