(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថារុស្ស៊ីបានបាត់បង់កងទ័ពប្រមាណ ១៤,០០០នាក់ ក្នុងនោះរួមមានទាំង កងទ័ព ២០០នាក់ ដែលត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិអ៊ុយក្រែន, កងទ័ពរបស់ខ្លួនបានកម្ទេចរថក្រោះរបស់រុស្ស៊ី ៤៤៤គ្រឿង, រថពាសដែក ១៤៣៥គ្រឿង, យន្ដហោះចម្បាំង ៨៦គ្រឿង, ឧទ្ធម្ភាគចក្រ ១០៨គ្រឿង, យន្ដហោះដ្រូន ១១គ្រឿង និងនាវាចម្បាំង ៣គ្រឿង។

ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃទី២ ខែមីនាកន្លងទៅថា កងទ័ពរុស្ស៊ី ៤៩៨នាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយ មិនទាន់ផ្ដល់តួលេខថ្មីនៅឡើយទេ៕