(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក លីនស៊ី ក្រាហាំ (Lindsey Graham) បានលើកឡើងជាថ្មីនូវគំនិតធ្វើឃាតលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូកាន់តែឡើងកម្ដៅ ចំពោះមុខ សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

លោក Lindsey Graham ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក Graham បានលើកឡើងដូច្នេះថា «ខ្ញុំសង្ឃឹមថាគាត់ (លោក ពូទីន) នឹងត្រូវគេធ្វើឃាត ទោះជាប្រើវិធីអ្វីក៏ដោយ។ ខ្ញុំមិនខ្វល់នោះទេថាពួកគេ សម្លាប់គាត់ដោយរបៀបណា ហើយខ្ញុំក៏មិនខ្វល់នោះដែរ ប្រសិនបើពួកគេបញ្ជូនគាត់ទៅកាន់តុលាការទីក្រុងឡាអេ។ សំខាន់ខ្ញុំចង់ឱ្យគាត់រលាយបាត់»

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ លោក Lindsey Graham ក៏ធ្លាប់បានលើកឡើងផងដែរពីគំនិតចង់ឱ្យគេធ្វើឃាតលោក ពូទីន។ ប៉ុន្តែ វិមានក្រឹមឡាំង បានថ្កោលទោសយ៉ាងខ្លាំងលើសមាជិកព្រឹទ្ធសភាអាមេរិក មកពីបក្សសាធារណរដ្ឋរូបនេះដោយចាត់ទុកថាវាជាទង្វើនាំឱ្យមានការរើសអើងប្រឆាំងរុស្ស៊ី៕