(សេអ៊ូល)៖ តាមការកត់សម្គាល់ ជាធម្មតាប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង តែងតែចេញសេចក្តីរាយការណ៍ផ្លូវការ នៅរយៈពេលមួយថ្ងៃក្រោយការធ្វើតេស្តសព្វាវុធ នៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែបន្ទាប់ពីការធ្វើបាញ់តេស្តមីស៉ីល កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលត្រូវកូរ៉េខាងត្បូងអះអាងថា បានទទួលបរាជ័យនោះ គឺទីក្រុងព្យុងយ៉ាងត្រូវគេសង្កេតឃើញ ស្ងាត់មាត់ជ្រៀប ដោយមិនចេញមុខនិយាយអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងធ្វើការបាញ់សាកល្បងបាញ់មីស៉ីលមួយគ្រាប់ ដែលជប៉ុនជឿជាក់ថា ជាមីស៉ីលផ្លោងបាលីស្ទីគ ហើយបើតាមយោធាកូរ៉េខាងត្បូងវិញនោះ គឺវាបានផ្ទុះនៅលើអាកាស ក្រោយបាញ់បង្ហោះឡើងបានតែមួយភ្លែតប៉ុណ្ណោះ ចេញពីមូលដ្ឋានមួយកន្លែង ស្ថិតនៅជាយរដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា ក្រោយការអះអាងថារបស់កូរ៉េខាងត្បូង មកទល់ថ្ងៃព្រហស្បតិ៍នេះ គេមិនទាន់ឃើញរដ្ឋាភិបាលកូរ៉េខាងជើង ចេញមុខធ្វើការអត្ថាធិប្បាយ ជុំវិញរឿងនេះនៅឡើយទេ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ក៏មិនបានចុះផ្សាយអំពីការធ្វើតេស្តមីស៉ីល ដែលបានប្រព្រឹត្តទៅ កាលពីមួយថ្ងៃមុន ដូចរាល់ដងនោះដែរ៕