(ភ្នំពេញ)៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក គីស៊ីដា ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចនៅប្រទេសជប៉ុនផងនោះ ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រ ជាផ្លូវការឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបរបស់លោក គីស៊ីដា៖

* តើលោក Fumio Kishida គឺជានរណា?

- លោក Kishida កើតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥៧ (អាយុ ៦៤ឆ្នាំ)
- មានឪពុកឈ្មោះ Fumitake Kishida និងម្តាយឈ្មោះ Sumiko Kishida
- មានជីតាឈ្មោះ Masaki Kishida
- ទាំងឪពុក និងជីតារបស់លោក សុទ្ធតែធ្លាប់ធ្វើជាសមាជិកសភាជប៉ុន
- បានបញ្ចប់រិញ្ញាបត្រផ្នែកច្បាប់នៅសាលា Waseda ទីក្រុងតូក្យូកាលពីឆ្នាំ១៩៨២
- មានភរិយាឈ្មោះ Yuko Kishida និងកូនបីនាក់ ក្នុងនោះកូនប្រុសម្នាក់ឈ្មោះ Shotaro អាយុ ៣០ឆ្នាំ កំពុងដើរតាមមាគ៌ានយោបាយដូចឪពុកដែរ
- ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ និងតំណែងកំពូលៗមួយចំនួនទៀត នៅក្នុងជួររដ្ឋាភិបាល។

កាលពីឆ្នាំ២០២០ លោក Fumio Kishida បានចាញ់លោក ស៊ូហ្គា ក្នុងការប្រជែងយកតំណែងប្រធានគណបក្ស LDP ប៉ុន្តែលើកនេះក៏បានទទួលជោគជ័យដូចបំណង។ លោក Kishida គឺជាបេក្ខជនដំបូងគេ ដែលបានប្រកាសចូលរួមការប្រកួតដើម្បីធ្វើជាប្រធានបក្ស LDP លើកនេះ។

កន្លងមក លោក Kishida ធ្លាប់បានកាន់តួនាទីជា ប្រធានគោលនយោបាយរបស់គណបក្ស LDP និងជារដ្ឋមន្រ្តីការបរទេសជប៉ុន កាលពីចន្លោះឆ្នាំ២០១២-២០១៧ ដោយអំលុងរយៈពេលនោះ លោកបានចរចាកិច្ចព្រមព្រៀងផ្សេងៗរវាងប្រទេសរុស្ស៉ី និងជប៉ុន។ លោក Kishida ធ្លាប់ហៅកិច្ចប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរថាជា «ការងារប្រចាំជីវិតរបស់លោក» ហើយកាលពីឆ្នាំ២០១៦ លោកបាននាំលោក បារ៉ាក់ អូបាម៉ា ដែលកាលណោះជាប្រធានាធិបតីអាមេរិក មកកាន់ទីក្រុង Hiroshima ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តថែមទៀតផង។

ដោយដើរតាមជំហានរបស់ឪពុក ក៏ដូចជាជីតាលោក លោក Kishida បានឈានជើងចូលឆាកនយោបាយ នៅឆ្នាំ១៩៩៣ បន្ទាប់ពីធ្លាប់បានធ្វើការងារ នៅធនាគារមួយកន្លែង ចំពេលដែលសេដ្ឋកិច្ចប្រទេសជប៉ុនបានស្ទុះឡើងខ្លាំង។ កន្លងមកលោកប្រកាន់គោលជំហរ ដើរតាមឪពុក និងជីតា ក្នុងនាមជាអ្នកនយោបាយ ដែលតែងស្តាប់មតិរបស់ប្រជាជន និងមានសប្បុរសធម៌។

ប៉ុន្តែការពិតជាក់ស្តែង លោក Kishida មិនដែលត្រូវបានគេមើលឃើញថា មានទំនាក់ទំនងជាមួយប្រជាជនច្រើនឡើយ ហើយលោកត្រូវគេរិះគន់យ៉ាងដំណំ ជុំវិញការបោះឆ្នោតរើសថ្នាក់ដឹកនាំកាលពីឆ្នាំមុន ជាពេលដែលលោកបានបង្ហោះរូបភាព គួរឱ្យភ្ញាក់ផ្អើលមួយសន្លឹកនៅលើបណ្តាញសង្គម Twitter ដែលបង្ហាញអំពីការញុំាអាហារពេលល្ងាចដ៏ថ្លៃ ជាមួយនិងភរិយា។

យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០២១នេះ លោក Fumio Kishida ត្រូវបានគណបក្សរបស់លោកគាំទ្រជាមេដឹកនាំ ហើយទីបំផុត លោកបានក្លាយជា «នាយករដ្ឋមន្ត្រីជប៉ុនទី ១០០»។ ចំណុចសំខាន់នោះគឺលោក Kishida, មានអ្នកនយោបាយជើងចាស់ក្នុងបក្ស LDP ជាច្រើនបង្ហាញការគាំទ្រ៕