(ប៉េកាំង)៖ «ក្នុងប្រទេសស៊ីរី ពិភពលោកទាំងមូលបានមើលឃើញដោយផ្ទាល់ភ្នែក នូវការសម្លាប់រង្គាលចំពោះជនជាតិទាំងមូល ហើយប្រទេសលោកខាងលិចជាច្រើន បានចូលរួមក្នុងហេតុការណ៍នោះ ប៉ុន្តែនៅអ៊ុយក្រែន ស្ទើរតែប្រទេសលោកខាងលិចទាំងអស់ កំពុងការពារប្រជាជនរបស់ប្រទេសនេះ»។ នាពេលថ្មីៗកន្លងទៅនេះ លោក Anas Abda អ្នកទទួលខុសត្រូវនៃគណៈកម្មាធិការចរចាស៊ីរី បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា លោកមានការខឹងសម្បានិងខកចិត្តយ៉ាងខ្លាំង ចំពោះ «ស្តង់ដារពី» របស់ប្រទេសលោកខាងលិច។

សូមបញ្ជាក់ថា ថ្ងៃទី១៥ ខែមីនា ឆ្នាំនេះ គឺជាខួបទី១១ នៃការផ្ទុះវិបត្តិស៊ីរី។ នាពេលថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយដោយអង្គការសហប្រជាជាតិបានឱ្យដឹងថា ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក មានមនុស្សយ៉ាងហោចណាស់ ៣៥ម៉ឺននាក់ បានបាត់បង់ជីវិត មនុស្សជាង ១២លាននាក់ គ្មានទីជម្រកជាច្រើនលើកច្រើនសា ហើយជនស៊ីវិលចំនួន ១៤លាននាក់ ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យបណ្តាភាគីនានាធ្វើប្រតិបត្តិការជាក់ស្តែង ដើម្បីពន្លឿនដំណើរនយោបាយនិងបញ្ចប់ទុក្ខវេទនារបស់ប្រជាជនស៊ីរី ដែលបានដំណើរការអស់រយៈពេល ១១ឆ្នាំ។

យ៉ាងណាមិញ ការអំពាវនាវរបស់លោក António Guterres មិនបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ប្រទេសលោកខាងលិចនោះទេ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានផ្តោតសំខាន់ទៅលើអ៊ុយក្រែន។ បើប្រៀបធៀបនឹងភាពអាត្មានិយម និងគ្មានចិត្តធម៌របស់ពួកគេ ដែលខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីបដិសេធមិនព្រមទទួលយកជនភៀសខ្លួន មកពីតំបន់នានា ដូចជាស៊ីរីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសលោកខាងលិចបែរជាបានបង្ហាញពី ការអាណិតអាសូរយ៉ាងខ្លាំងចំពោះជនភៀសខ្លួនរបស់អ៊ុយក្រែន។

ឧទាហរណ៍ដូចជា មេដឹកនាំនៃប្រទេសអឺរ៉ុបមួយរូប បានបង្ហាញអាកប្បកិរិយានាពេលថ្មីៗកន្លងទៅនេះថា «ជនភៀសខ្លួនរបស់អ៊ុយក្រែនទាំងនេះ មានភាពខុសគ្នានឹងអ្នកទាំងនោះ ដែលយើងបានទាក់ទងគ្នាពីមុនមក ពួកគេសុទ្ធតែជាជនជាតិអឺរ៉ុប និងទទួលបានការអប់រំ ឯក្នុងរលកជនអន្តោប្រវេសន៍នៅកាលពីមុន មនុស្សមួយចំនួនប្រហែលជាពួកភេរវជន។ល។» ពាក្យសម្តីទាំងនេះមិនត្រឹមតែ បានលាតត្រដាងនូវទស្សនៈលម្អៀងខាងពូជសាសន៍ និងភាពក្រអឺតក្រទមរបស់សហរដ្ឋអាមេរិកនិងបស្ចិមប្រទេស ដែលបានចាក់ឬសយ៉ាងមាំក្នុង ផ្នត់គំនិតរបស់មនុស្សជាយូរណាស់មកហើយប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្ត «ស្តង់ដារពីខាងមនុស្សធម៌» ចំពោះជនភៀសខ្លួន ហើយក៏ជាការបង្កផលប៉ះពាល់ម្តងទៀត ចំពោះជនភៀសខ្លួននៅមជ្ឈិមបូព៌ាផងដែរ។

គួររំលឹកថា បន្ទាប់ពីបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថានអស់រយៈពេល ២០ឆ្នាំមក កងទ័ពអាមេរិកបានធ្វើការសម្លាប់រង្គាល នៅអាហ្វហ្កានីស្ថានដែលបណ្តាលឱ្យ ជនស៊ីវិលចំនួន ៤៧,០០០នាក់បានស្លាប់បាត់បង់ជីវិត។ យោងតាមទិន្នន័យរបស់ អង្គការសហប្រជាជាតិបានបង្ហាញថា ប្រជាជនក្នុងប្រទេសអាហ្វហ្កានីស្ថានប្រហែល ៣.៤លាននាក់ ត្រូវព្រាត់ប្រាស់និរាសស្រុកកំណើតរបស់ខ្លួន។ កាលពីខែសីហា ឆ្នាំ២០២១ បន្ទាប់ពីសហរដ្ឋអាមេរិក បានដកទ័ពចេញពីអាហ្វហ្កានីស្ថានយ៉ាងប្រញាប់ប្រញាល់ បានបន្សល់ទុកនូវប្រជាជនចំនួន ២៣ លាននាក់ដែលបាននិងកំពុងរងភាពអត់ឃ្លាន ក្នុងនោះ មានមនុស្ស ៩៥ភាគរយ មិនអាចទទួលបានការហូបចុកប្រចាំថ្ងៃគ្រប់គ្រាន់នោះទេ។ ទោះយ៉ាងនេះក្តី ក៏សហរដ្ឋអាមេរិកនៅតែលេបយកទ្រព្យសម្បត្តិ សម្រាប់សង្គ្រោះជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៧ពាន់លានដុល្លារអាមេរិក ដោយមិនចេះអៀនខ្មាស ។

គួរបញ្ជាក់ផងដែរថា ចាប់ពីវិបត្តិស៊ីរីកាលពី ១១ឆ្នាំមុន រហូតដល់វិបត្តិអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ វាសនារបស់ពួកជនភៀសខ្លួនគួរឱ្យឈឺចាប់ណាស់។ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានរបស់អាមេរិក និងលោកខាងលិច ដែលតែងតែឃោសនាបំប៉ាងពីសមភាពនិងយុត្តិធម៌ទាំងនោះ គួរលះបង់ចោលភាពក្រអឺតក្រទម និងទស្សនៈលម្អៀងរបស់ពួកគេ ក៏ដូចជាប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះទុក្ខវេទនានិងការចោទប្រកាន់របស់ជនភៀសខ្លួន នៅមជ្ឈិមបូព៌ា ហើយបញ្ឈប់លេងកលល្បិចដែលអនុវត្ត ស្តង់ដារពីរ» ភ្លាម៕