(ប៉េកាំង)៖ ជុំវិញការដែលលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីសម្តែងឥរិយាបថ អំពីមន្ទីរពិសោធន៍ជីវសាស្ត្រយោធាអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង កាលពីថ្ងៃទី ១៦ ខែមីនា ថា អាមេរិកមានកាតព្វកិច្ចគោរព «អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» ហើយក៏មានកាតព្វកិច្ចឆ្លើយតប ចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិផងដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកមានមន្ទីរពិសោធន៍ជីវសាស្ត្រយោធារាប់រយកន្លែង នៅតំបន់នានាលើពិភពលោក ក្នុងនោះរួមទាំង ៣០កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលក្នុងតំបន់។ រុស្សីនឹងស្នើឱ្យរដ្ឋហត្ថលេខីនៃ «អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត» ធ្វើការពិនិត្យពិភាក្សាចំពោះករណីនេះ ព្រមទាំងខិតខំជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការរារាំងដល់ការ បង្កើតយន្តការត្រួតពិនិត្យនៃអនុសញ្ញានេះ៕