(ប៉េកាំង)៖ កាលពីថ្ងៃទី១៦ ខែមីនា នៅក្នុងកិច្ចប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងកិច្ចសន្ទនាជាមួយតំណាងពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុក បញ្ហាកុមារនិងការប៉ះទង្គិចដោយប្រដាប់អាវុធ តំណាងចិនបានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស ផ្តោតការយកចិត្តទុកដាក់ទៅលើ បទឧក្រិដ្ឋសម្លាប់កុមាររបស់ប្រទេសលោកខាងលិច ដូចជាអាមេរិក អង់គ្លេស និងអូស្ត្រាលីជាដើម ដែលធ្វើឡើងនៅអាហ្វហ្កានីស្ថាន។

តំណាងចិនបានថ្លែងថា វិធីសាស្ត្រជាមូលដ្ឋានដែលការពារកុមារឱ្យចៀសផុតពី ការប៉ះទង្គិចដោយប្រដាប់អាវុធ គឺបញ្ឈប់និងដោះស្រាយការប៉ះទង្គិចដោយប្រដាប់អាវុធ។ ភាគីនានាគួរតែប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះ តាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ដើម្បីរួមគ្នាគាំពារសន្តិភាព។ ប្រទេសលោកខាងលិច ដូចអាមេរិកជាដើមយក «អធិបតេយ្យភាព» និង «សិទ្ធិមនុស្ស» ធ្វើជាលេសដើម្បីលូកដៃជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយបំផុសសង្គ្រាមជាច្រើនដង។

ក្នុងអំឡុងពេលពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩ មានកុមារអាហ្វហ្កានីស្ថានយ៉ាងហោចណាស់ ២៦,០០០នាក់ បានស្លាប់ក្នុងសង្គ្រាម។ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មានកុមារអាហ្វហ្កានីស្ថានប្រហែល១,៦០០នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់ កងទ័ពចម្រុះនៃអង្គការណាតូដែលដឹកនាំដោយអាមេរិក ដែលត្រូវជា៤០% នៃចំនួនជនស៊ីវិលដែលបានស្លាប់ ក្នុងការវាយប្រហារតាមអាកាស៕