(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី១៦ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយឥណ្ឌូណេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងឥណ្ឌូណេស៊ី ឱ្យទទួលបានការអភិវឌ្ឍថ្មីជាបន្តបន្ទាប់ និងបញ្ចូលថាមពលលំនឹងស្ថិរភាព និងថាមពលវិជ្ជមានបន្ថែមទៀតចំពោះស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា មិនថាគម្រោងណាមួយក្តី ឱ្យតែមានអំណោយផលដល់ ការអភិវឌ្ឍនៃប្រទេសឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចិន-ឥណ្ឌូណេស៊ី នោះ ប្រទេសចិនសុទ្ធតែប្រកាន់អាកប្បកិរិយាវិជ្ជមាន។

ជាការឆ្លើយតប លោក Joko Widodo បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីមានឆន្ទៈរួម ជាមួយប្រទេសចិន ដើម្បីបញ្ចប់កិច្ចកសាងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung តាមការគ្រោងទុកក្នុងន័យផ្តល់ ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ឥណ្ឌូណេស៊ីសង្ឃឹមថា នឹងអាចធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយចិន ដើម្បីជំរុញការកសាងរដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី ហើយសង្ឃឹមថា ប្រទេសចិននឹងបន្តគាំទ្រដល់ការកសាង «របៀងសេដ្ឋកិច្ចចម្រុះក្នុងតំបន់» របស់ប្រទេសឥណ្ឌូណេស៊ី និងការបង្កើតសួនឧស្សាហកម្មបៃតង។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់ អំពីស្ថានការណ៍នៅអ៊ុយក្រែន ហើយបានឯកភាពគ្នាថា ភាគីទាំងអស់គួរតែប្រកាន់ខ្ជាប់ ការជំរុញការចរចាដោយសន្តិភាព ទប់ស្កាត់កុំឱ្យកើតមានវិបត្តិមនុស្សធម៌ក្នុងទ្រង់ទ្រាយធំ គ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ចំពោះសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម និងជៀសវាងកុំអូសទម្លាក់ ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕