(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសសុន (Scott Morisson) បាននិយាយថា ចិននឹងត្រូវប្រឈមផលវិបាក ប្រសិនបើគាំទ្រចំពោះ ការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយលោកគូសបញ្ជាក់ថា ទង្វើបែបនេះគឺ «គួរឲ្យស្អប់ខ្ពើម» ហើយបង្ហើបពីឆន្ទៈចូលរួមក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

នៅពេលត្រូវបានសួរថា តើមានការត្រៀមដាក់ទណ្ឌកម្មណាមួយ ទៅលើប្រទេសចិនដែរឬទេ ជុំវិញការដែលទីក្រុងប៉េកាំង បដិសេធថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ដែលកំពុងបន្តនៅអ៊ុយក្រែននោះ, លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អូស្រ្តាលីនឹងចូលរួមជាមួយសម្ព័ន្ធមិត្ត ក្នុងការដាក់ទណ្ឌកម្មលើចិន។

លោកបន្ថែមថា «យើងនឹងបោះជំហានដូចគ្នាជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងលើបញ្ហានេះ ហើយសហរដ្ឋអាមេរិក ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយចំនួនយ៉ាងច្បាស់ ទាក់ទងរឿងនេះផងដែរ ដោយយើងគាំទ្រចំពោះសេចក្តីថ្លែងការណ៍ ទាំងនោះ»។ លោក ម៉ូរីសសុន បានអំពាវនាវដល់ «ពិភពលោកទាំងមូលឲ្យបញ្ឈប់អំពើហិង្សា និងការវាយប្រហារដ៏អាក្រក់របស់រុស្ស៊ី នៅអ៊ុយក្រែន»

ជាមួយគ្នា លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានទទូចឲ្យទីក្រុងប៉េកាំងត្រូវតែមាន «តម្លាភាពបំផុត» អំពីចំណងទាក់ទងរបស់ខ្លួន ជាមួយទីក្រុងមូស្គូ ដូចជាលទ្ធភាពនៃការជួយសង្រ្គោះផ្នែកសេដ្ឋកិច្ច ឬក៏ការជួយជ្រោមជ្រែងផ្នែកយោធា ដល់ប្រទេសរុស្ស៉ីជាដើម។

ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីនេះ គឹស្រដៀងគ្នាទៅនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោនដែរ ដែលបានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» សម្រាប់ប្រទេសចិន ប្រសិនបើមានការផ្តល់ជំនួយផ្នែកយោធា ឬសេដ្ឋកិច្ចណាមួយ ដល់ទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ចំពោះមុខការសង្ស័យទាំងនេះ មន្រ្តីទីក្រុងប៉េកាំងបានច្រានចោល ការចោទប្រកាន់ច្បាស់ៗហើយថា ពួកវាជា «ព័ត៌មានមិនពិត» ហើយវាយបកទៅកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមបំភ្លៃព័ត៌មាន ដើម្បីទម្លាក់កំហុសទៅលើចិន៕