(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ដំណើរការវាយតម្លៃលើវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា Sputnik V របស់ប្រទេសរុស្ស៉ី ត្រូវបានពន្យារពេលជាបណ្តោះអាសន្នសិន ដោយសារតែបញ្ហាជម្លោះរវាងរុស្ស៉ីនិងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

មន្រ្តីជំនាញផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី ម៉ារីអាន់ចេឡា សីម៉ាវ (Mariangela Simao) បាននិយាយថា ក្រុមមន្រ្តី WHO ដំបូងឡើយ គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី នៅថ្ងៃទី០៧ ខែមីនា ដើម្បីធ្វើការពិនិត្យវាយតម្លៃទៅលើមូលដ្ឋានផលិតវ៉ាក់សាំង Sputnik V។

បើតាមលោកស្រី Simao ការពន្យារពេលនេះ គឺដោយសារបញ្ហាមួយចំនួន ដែលបានលេចឡើង ក្រោយវិបត្តិសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ដូចជាការកក់ជើងហោះហើរ និងការប្រើប្រាស់ក្រេឌីតកាតជាដើម បូករួមជាមួយបញ្ហាផ្សេងៗទៀត ទាក់ទងនឹងការធ្វើប្រតិបត្តិការ។

គួរបញ្ជាក់ថា WHO បានបន្តធ្វើការវាយតម្លៃលើវ៉ាក់សាំង Sputnik V ដើម្បីឱ្យវ៉ាក់សាំងនេះ មានការទទួលស្គាល់ តាំងតែពីឆ្នាំមុនមកម្ល៉េះ។ ប្រសិនបើត្រូវបានអនុម័តដោយ WHO វ៉ាក់សាំង Sputnik V នឹងអាចត្រូវបញ្ចូលទៅក្នុងយន្តការវ៉ាក់សាំងអន្តរជាតិ COVAX ហើយវានឹងទទួលបានទំនុកចិត្តកាន់តែខ្ពស់ថែមទៀត ពីប្រទេសនានា៕