(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសបារំាងលោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានប្រាប់កាសែតបារំាំង ឡឺ ប៉ារីហ្សៀង (Le Parisien) ក្នុងបទសម្ភាសន៏មួយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសបារំាងនឹងពិចារណាឲ្យរុស្ស៊ីទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្រ្ត ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។

លោក ឡឺឌ្រីយ៉ង់ បាននិយាយថា «ប្រសិនបើមានការវាយប្រហារដោយសារធាតុគីមី ឬអាវុធជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន យើងនឹងដឹងយ៉ាងច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះពួកវា»។ លោកថា ការប្រើប្រាស់អាវុធគីមី ឬអាវុធជីវសាស្រ្តនេះ ជារឿងដែលមិនអាចអត់ឱនឲ្យបាន ហើយវានឹងនាំទៅរកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធំនិងធ្ងន់ធ្ងរ និងគ្មានការលើកលែងអ្វី ទាំងអស់ ទៅលើប្រទេសរុស្ស៊ី។ បើទោះបីជាយ៉ាងណា លោករដ្ឋមន្រ្តីការបរទេសបារាំង មិនបានបកស្រាយវែងឆ្ងាយអំពីទណ្ឌកម្ម ដែលត្រូវដាក់ក្នុងកាលៈទេសៈបែបនោះទេ។

គួរបញ្ជាក់ថា ក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ វែល អាំ ស្ស៊ុនថាក (Welt am Sonntag) កាលពីពីចុងសប្តាហ៍កន្លងទៅ ប្រមុខអង្គការណាតូ (NATO) លោក ជេន ស្តូលធេនបឺគ (Jens Stoltenberg) ធ្លាប់បានព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមី នៅអ៊ុយក្រែន ហើយទង្វើបែបនេះនឹងត្រូវចាត់ទុកជា ឧក្រិដ្ឋកម្មសង្រ្គាម៕