(ឌូបៃ)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានទៅដល់ប្រទេសឈូងសមុទ្រនៅថ្ងៃពុធនេះ សម្រាប់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងបន្ធូរបន្ថយតម្លៃប្រេងសាំងដែលឡើងថ្លៃ ខណៈលោកខាងលិចកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ដោយសាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ដំណើរទស្សនៈកិច្ចនេះ លោក Johnson នឹងបញ្ចុះបញ្ចូល និងដាក់សម្ពាធឲ្យក្រុមប្រទេសអ្នកផលិតប្រេង OPEC ឱ្យបង្កើនការបូមប្រេងបន្ថែមទៀត ដែលនឹងជះឥទ្ធិពលផ្ទាល់ទៅលើតម្លៃប្រេងឆៅ Brent ដែលឡើងថ្លៃដល់ទៅ១៤០ដុល្លាអាមេរិកក្នុងមួយបារ៉ែល កាលពីសប្តាហ៍មុន។ តម្លៃបានធូរស្រាលមកនៅត្រឹមប្រហែល ១០០ដុល្លារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលត្រូវបានគេមើលឃើញថា មួយផ្នែកធំដោយសារតែការចាក់សោរជំងឺរាតត្បាតថ្មីនៅក្នុងប្រទេសចិន។

មុនពេលកិច្ចប្រជុំ ជាមួយព្រះអង្គម្ចាស់ Mohammed bin Zayed នាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម លោក Johnson បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Abu Dhabi ថា «ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការឈ្លានពានអ៊ុយក្រែន គឺបង្កឱ្យមានភាពមិនប្រាកដប្រជាជាសកល និងការកើនឡើងនៃតម្លៃប្រេង»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង OPEC+ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី អំពាវនាវឱ្យបង្កើនកម្រិតផលិតកម្មជាបណ្តើរៗរៀងរាល់ខែ នៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ ប៉ុន្តែវាមិនបានគិតពីផលប៉ះពាល់នៃសង្រ្គាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមដោយរុស្ស៊ីកាលពីបីសប្តាហ៍មុនឡើយ។

រដ្ឋមន្ត្រីថាមពលរបស់ UAE កាលពីសប្តាហ៍មុនបាននិយាយថា ប្រទេសនេះប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង OPEC+ និងយន្តការកែសម្រួលផលិតកម្មប្រចាំខែដែលមានស្រាប់របស់ខ្លួន៕