(ប៉េកាំង)៖ ថ្ងៃទី១៤ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបជាន់ខ្ពស់រវាងចិននិងអាមេរិកមួយលើកទៀត បានបើកធ្វើនៅក្រុងរ៉ូម រដ្ឋធានីអ៊ីតាលី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅនិងចរចាជាលក្ខណៈស្ថាបនា អំពីទំនាក់ទំនងរវាងចិននិងអាមេរិក ព្រមនិងបញ្ហាក្ដៅគគុករបស់អន្តរជាតិ ហើយបានឯកភាពគ្នាថា នឹងរួមគ្នាអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋប្រទេសទាំងពីរ ក្នុងន័យបង្កបង្កើតជាលក្ខណៈសម្បតិ្ត ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក វិលទៅកាន់ផ្លូវត្រឹមត្រូវនៃការអភិវឌ្ឍប្រកប ដោយភាពរឹងមាំនិងនឹងនរ។

នេះជាកិច្ចជំនួបជាន់ខ្ពស់ទល់មុខគ្នារវាងចិន និងអាមេរិកជាលើកដំបូង បន្ទាប់ពីកិច្ចជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋចិននិងអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២១ មក។ ក្នុងរយៈពេលជិត៤ខែកន្លងមក ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់ជានិច្ច ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ប៉ុន្តែពាក្យសន្យារបស់អាមេរិក បែរជារសាត់តាមខ្យល់រហូត។ ចាប់ពីអាមេរិកបានប្រកាសថានឹងលក់អាវុធទៅឱ្យតៃវ៉ាន់ ចាប់បញ្ជូនមន្ត្រីទៅកាន់តៃវ៉ាន់ និងដាក់ចេញយុទ្ធសាស្ត្រថ្មីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ទង្វើរបស់អាមេរិកកសុទ្ធតែផ្ទុយនឹងពាក្យសន្យារបស់ខ្លួន ដែលបានបង្កបង្កើតជាឧបសគ្គកាន់តែច្រើន ក្នុងដំណើរធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក វិលទៅរកផ្លូវត្រឹមត្រូវឡើងវិញ។

ក្នុងកិច្ចជំនួបជាន់ខ្ពស់រវាងចិននិងអាមេរិកលើកនេះ ប្រទេសចិនបានអធិប្បាយម្តងទៀត នូវគោលជំហររបស់ចិនអំពីបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ស៊ីនជាំង ស៊ីចាំង និងហុងកុងជាដើម ដោយបានលើកឡើងថា បញ្ហាទាំងនេះពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរបស់ចិន ជាកិច្ចការផ្ទៃក្នុងរបស់ចិន មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅ មកជ្រៀតជ្រែកបានទេ រាល់ឧបាយកលដែលចង់ដាក់ សម្ពាធទៅលើចិនដោយយកបញ្ហាទាំងនេះធ្វើជាលេស សុទ្ធតែនឹងទទួលបរាជ័យជាក់ជាមិនខាន។ នេះជាការព្រមានយ៉ាងម៉ឺងម៉ាត់ និងយ៉ាងជាក់លាក់ចំពោះអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហមរបស់ចិន ក្នុងទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ។

ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ទំនាក់ទំនងរវាងចិននិងអាមេរិក មានសារសំខាន់លើសពីក្របខណ្ឌទ្វេភាគី ដែលមានទំនួលខុសត្រូវពិសេស ក្នុងការគាំពារសន្តិភាព និងស្ថិរភាពពិភពលោក។ បច្ចុប្បន្ននេះ ស្ថានការណ៍នៅអ៊ុយក្រែនជាបញ្ហា ដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់បំផុត កិច្ចជំនួបជាន់ខ្ពស់រវាងចិននិងអាមេរិកលើកនេះ ក៏បានធ្វើការផ្លាស់ប្តូរអំពីបញ្ហានេះផងដែរ ។ ប្រទេសចិនបានខិតខំប្រឹងប្រែងជំរុញកិច្ចចរចាដោយសន្តិភាព សហគមន៍អន្តរជាតិគួរតែរួមគ្នា ផ្តល់ការគាំទ្រដល់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងន័យទទួលបានសមិទ្ធផលពិតប្រាកដក្នុងពេលឆាប់ៗ ដើម្បីជំរុញឱ្យស្ថានការណ៍អ៊ុយក្រែនបញ្ចុះកម្តៅឆាប់ៗ។

ក្នុងនាមជាអ្នកបង្កវិបតិ្តអ៊ុយក្រែន អាមេរិកគួរតែស្តាប់ឱ្យបានល្អ នូវសំណើទាំងនេះ និងអនុវត្តវិធានការណ៍ជាក់ស្តែង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន តែមិនមែនធ្វើផ្ទុយគ្នា រហូតដល់ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីមួលបង្កាច់និងលាបពណ៌លើ គោលជំហររបស់ចិនឡើយ ។

«ក្នុងរយៈពេល៥០ឆ្នាំខាងមុខ កិច្ចការសំខាន់ជាងគេ ក្នុងទំនាក់ទំនងអន្តរជាតិ គឺចិននិងអាមេរិកចាំបាច់ត្រូវរក បានផ្លូវត្រឹមត្រូវសម្រាប់រួមរស់នៅជាមួយគ្នា»។ ភាគីទាំងពីរចិននិងអាមេរិកគួរតែយល់ដឹង និងប្រកាន់ខ្ជាប់ពាក្យសំដីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដូចពោលខាងលើនេះ ព្រមទាំងធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា។ បន្ទាប់ពីបញ្ចប់កិច្ចជំនួបនៅក្រុងរ៉ូម អាមេរិក ត្រូវដើរស្របតាមទិសដៅជាមួយប្រទេសចិន និងអនុវត្តពាក្យសន្យារបស់លោក បៃដិន ប្រធានាធិបតីអាមេរិកយ៉ាងប្រាកដប្រជា ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជនចិន និងទទួលបានការជឿទុកចិត្តពីសហគមន៍អន្តរជាតិ តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ៕