(វ៉ាសូវី)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក ចារ៉ូស្ល កាហ្ស៊ីនស្គី (Jaroslaw Kaczynski) បានអំពាវនាវដល់អង្គការណាតូ (NATO) ឲ្យអនុវត្ត «បេសកកម្មសន្តិភាព» នៅប្រទេសអ៊ុយក្រែន បន្ទាប់ពីមានកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zekenskyy) នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលមានការចូលរួមពី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក និងប្រទេសស្លូវេនីផងដែរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

លោក កាហ្ស៊ីនស្គី បាននិយាយថា «វាចាំបាច់ត្រូវតែមានបេសកកម្មសន្តិភាព ដែលចូលរួមពាក់ព័ន្ធដោយអង្គការណាតូ
ឬមួយក៏រចនាសម្ព័ន្ធអន្តរជាតិធំទូលាយដទៃទៀត ដែលអាចការពារខ្លួនឯងបាន ពេលធ្វើប្រតិបត្តិការនៅអ៊ុយក្រែន»
លោកបន្ថែមថា «វានឹងជាបេសកកម្មដើម្បីឆ្ពោះទៅរកសន្តិភាព, ផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែទន្ទឹមគ្នា វានឹងត្រូវបានការពារ
ដោយកម្លាំងសមស្រប គឺកម្លាំងប្រដាប់អាវុធ។

នៅក្នុងការអត្ថាធិប្បាយបន្ទាប់ពីកិច្ចប្រជុំនោះ លោក ហ្សេលេនស្គី មិនបានសម្តែងការគាំទ្រដល់ផែនការនេះទេ ប៉ុន្តែលោកបានកត់សម្គាល់ថា ការដាក់ទណ្ឌកម្មកាន់តែខ្លាំងនិងការធានាសុវត្ថិភាព ត្រូវបានពិភាក្សា ហើយលោកបានអរគុណដល់ក្រុមមន្រ្តីបរទេស សម្រាប់ការគាំទ្ររបស់ពួកគេ។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «យើងជឿជាក់ទាំងស្រុងលើ មេដឹកនាំនៃប្រទេសទាំងនោះ... យើងប្រាកដថា អ្វីៗនឹងដើម្បីសម្រេចបាននូវគោលដៅសម្រាប់សន្តិសុខ និងអនាគតរបស់ប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា ប៉ូឡូញដែលជារដ្ឋសមាជិក NATO រួមជាមួយសាធារណរដ្ឋឆែកនិងស្លូវេនី បានព្យាយាមចូលរួមឱ្យសកម្មជាងមុន នៅក្នុងបញ្ហាជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី ប៉ុន្តែមិនមែនដោយផ្ទាល់ឡើយ។ ខណៈទីក្រុងវ៉ាសូវី ធ្លាប់រំពឹងបញ្ជូនយន្តហោះចម្បាំង
ចំនួន២៨គ្រឿង ទៅឲ្យអ៊ុយក្រែនតាមរយៈសហរដ្ឋអាមេរិក ជាអន្តរការីរដ្ឋបាលរបស់លោក ចូ បៃឌិន បានប្រឆាំងនឹងគំនិតនេះ ដោយបារម្ភថា វាអាចនឹងបង្ករឲ្យមានសង្រ្គាមលោកលើកទី៣៕