(វ៉ាស៊ីនតោន)៖ បណ្តាញព័ត៌មានរបស់សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ្នកកាន់កាមេរ៉ាមួយរូបប្រចាំទូរទស្សន៍ព័ត៌មានអាមេរិក Fox News លោក ព្យែរ ហ្សាក់ហ្ស៊ូវស្គី (Pierre Zakrzewski) និងអ្នកកាសែតជនជាតិអ៊ុយក្រែនគឺ អ្នកនាងអូឡេកសាន់ដ្រា កូវស៊ីណូវ៉ា (Oleksandra Kuvshynova) ហៅ សាស្សា (Sasha) ត្រូវបានសម្លាប់ ក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីរថយន្តដែលពួកគេជិះធ្វើដំណើរ បានរងការវាយប្រហារ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសារផ្ញើទៅកាន់ក្រុមបុគ្គលិក នាយកប្រតិបត្តិរបស់ Fox News លោកស្រី ស៊ូហ្សានណេ ស្កុត (Suzanne Scott) បាននិយាយថា លោក ហ្សក់ហ្ស៊ូស្គី វ័យ៥៥ឆ្នាំ បានរងការវាយប្រហារនៅជិតរដ្ឋធានីកៀវ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ពេលកំពុងធ្វើសេចក្តីរាយការណ៍ ជាមួយអ្នកកាសែត Fox News ម្នាក់ទៀតគឺ លោក បេនចាមីន ហល (Benjamin Hall)។ ពេលនេះ លោក ហល កំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ។

លោក ហ្សក់ហ្ស៊ូស្គី គឺជាអ្នកប្រមាញ់រូបភាពជើងចាស់របស់ Fox News ប្រចាំទីក្រុងឡុងដ៏ ហើយលោកបានធ្វើការនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក។ ក្នុងអាជីពលោក លោកបានផ្តិតយកព័ត៌មាន ដែលទាក់ទងនឹងជម្លោះជាច្រើន សម្រាប់ Fox News រួមទាំងសង្រ្គាមក្នុងប្រទេសអ៊ីរ៉ាក់, អាហ្វហ្កានីស្ថាន និងស៊ីរី ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ទីពីរ លោកស្រី ស្កុត បាននិយាយថា អ្នកនាង កូវ ស៊ីណូវ៉ា វ័យ២៤ឆ្នាំ ដែលជាអ្នកកាសែតជនជាតិអ៊ុយក្រែនក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរ ខណៈអ្នកនាងបានជួយដល់ក្រុមការងាររបស់ Fox News ក្នុងការធ្វើដំណើរនៅក្នុងទីក្រុងកៀវ ដើម្បីប្រមូលព័ត៌មាន និងសួរនាំជាមួយប្រភពព័ត៌មាន។

គួរបញ្ជាក់ថា រយៈពេលជិត៣សប្តាហ៍កន្លងនេះ យ៉ាងហោចណាស់អ្នកកាសែតចំនួន៤រូប បានស្លាប់ក្នុងការប្រយុទ្ធគ្នា នៅអ៊ុយក្រែន។ មេបញ្ជាការប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា លោក ប្រេន រេណដ (Brent Renaud) ដែលអ្នកផលិតខ្សែភាពយន្ត និងជាអ្នកកាសែតម្នាក់របស់អាមេរិក ត្រូវបានកងទ័ពរុស្ស៊ីបាញ់សម្លាប់ នៅក្បែរទីក្រុងកៀវ កាលពីពេលថ្មីៗកន្លងទៅ៕