(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបានដកខ្លួនជាផ្លូវការចេញពីក្រុមប្រឹក្សាអឺរ៉ុប ដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្សនាំមុខគេប្រចាំនៅទ្វីបអឺរ៉ុប ខណៈការដើរចេញនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលស្ថាប័ននេះត្រូវបោះឆ្នោតដើម្បីបណ្តេញរុស្ស៉ីចេញ ដោយសារតែបញ្ហាសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ប្រការខាងលើនាំឱ្យរុស្ស៉ីក្លាយជាប្រទេសទី២ ដែលបានធ្វើយ៉ាងដូច្នោះ។ កាលពីឆ្នាំ១៩៦៩ ប្រទេសក្រិកធ្លាប់បានធ្វើបែបនេះ នៅក្រោមហេតុផល ដើម្បីចៀសវាងការបណ្តេញចេញដូចគ្នា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច។ ក៏ប៉ុន្តែក្រិកបានត្រឡប់ទៅចូលរួមស្ថាប័ននេះវិញ ក្រោយស្តារលទ្ធិប្រជាធិតេយ្យក្នុងប្រទេសរបស់ខ្លួន នៅរយៈពេល៥ឆ្នាំក្រោយ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអឺរ៉ុបត្រូវបានបង្កើតឡើង នៅក្រោយសង្រ្គាមលោកលើកទីពីរ ជាមួយតួនាទីគាំទ្រនិងការពារសិទ្ធិមនុស្ស ក៏ដូចជានីតិរដ្ឋនៅទ្វីបអឺរ៉ុប។ ស្ថាប័ននេះបានបង្កើតអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស និងបានជួយបណ្តាប្រទេសអឺរ៉ុបខាងកើតកែប្រែ ប្រព័ន្ធនយោបាយរបស់ពួកគេ ទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយការដួលរលំនៃរបបកុម្មុយនិស្ត។

ក្រោយការដកខ្លួនរបស់រុស្ស៉ី អនុសញ្ញាស្តីពីសិទ្ធិមនុស្សខាងលើ នឹងលែងមានប្រសិទ្ធភាពនៅក្នុងប្រទេសរុស្ស៉ីទៀតហើយ។ រីឯជនជាតិរុស្ស៉ីក៏លែងអាចដាក់ពាក្យបណ្តឹងណាមួយ ប្រឆាំងនឹងរដ្ឋាភិបាលពួកគេ ទៅកាន់តុលាការសិទ្ធិមនុស្សអឺរ៉ុបផងដែរ៕