(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymir Zelenskyy) បាននិយាយនៅថ្ងៃពុធនេះថាកិច្ចចរចាសន្តិភាព ហាក់ដូចជាមានភាពប្រាកដនិយមជាងមុន ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀត ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៥នាក់ ក្នុងរដ្ឋធានីកៀវ ហើយរហូតមកដល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនកើនឡើងដល់ជាង ៣លាននាក់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បញ្ជាក់ដូច្នេះថា «កិច្ចពិភាក្សានៅតែបន្តនៅថ្ងៃពុធនេះ ហើយខ្ញុំបានទទួលព័ត៌មានថា លក្ខខណ្ឌអំឡុងពេលចរចាហាក់មានភាពប្រាកដនិយមជាងមុន»។ ប៉ុន្តែ យើងនៅតែត្រូវការពេលវេលាសម្រាប់ ធ្វើការសម្រេចចិត្ត ដើម្បីផលប្រយោជន៏របស់អ៊ុយក្រែន»។

លោកបន្ថែមថាចំណុចដែលអាចទៅរួច គឺអ៊ុយក្រែនបានត្រៀមលក្ខណៈទទួលយកការធានាសន្តិសុខពីលោកខាងលិច ជំនួសឱ្យការចូលជា សមាជិករបស់អង្គការណាតូដែលជាគោលដៅរយៈពេលវែងរបស់ខ្លួន។ ទីក្រុងម៉ូស្គូយល់ថាសម្ព័ន្ធភាពរវាងអ៊ុយក្រែនជាមួយ ប្រទេសលោកខាងលិចនាពេលអនាគត គឺជាការគម្រាមកំហែង និងទាមទារមិនឲ្យអ៊ុយក្រែនចូលជាសមាជិកភាពរបស់អង្គការណាតូ។

គួរបញ្ជាក់ថា ក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយថាសង្រ្គាមអាចនឹងបញ្ចប់លឿនជាងការរំពឹងទុកប្រហែលជាត្រឹមខែឧសភាខាងមុខនេះ ដោយ ទីក្រុងម៉ូស្គូ អាចនឹងឈានដល់ការសម្រេចចិត្តមួយ បន្ទាប់ពីផែនការរបស់រដ្ឋាភិបាលបរាជ័យ ដោយសារតែបាត់បង់កម្លាំងទ័ព និងការរត់ចោលជួរពីសំណាក់កងទ័ពរុស្ស៊ី។

ប៉ុន្តែ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ (Dimitry Peskov) «វាលឿនពេកក្នុងការព្យាករអំពីវឌ្ឍនភាពនៃការចរចា។ លោកបន្តថា ការងារមានភាពលំបាក ហើយក្នុងស្ថានភាពបច្ចុប្បន្ន ការចរចាដែលកំពុងបន្តអាចនឹងមានភាពវិជ្ជមាន៕