(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ២៥,៣៥៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩០១នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨១,២៤៤,៩៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៩២,៣០២នាក់ និងជាសះស្បើយឡើងសរុបជាង ៥៦.៤៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៥៧លានដូស ក្នុងនោះប្រជាជន ២៥៤.៦លាននាក់ (៧៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៦.៦៩លាននាក់ (៦៥.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩៦.០៣លាននាក់ (២៩.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕