(វ៉ាស៊ីនតោន)៖ លោក ឌូដ អេមហស្វ (Doug Emhoff) ដែលត្រូវជាស្វាមីរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានធ្វើតេស្តមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNNនៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

នៅសារមួយបង្ហោះលើគណនី Twetter លោក អេមហស្វ បានបញ្ជាក់ដូច្នេះថា «ក្រោយឆ្លងកូវីដ១៩ ខ្ញុំមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាល ដែលបានផ្តល់វ៉ា់សាំង ២ដូស និងដូសជំរុញ»។ លោកក៏បានជម្រុញឲ្យពលរដ្ឋអាមេរិក ទៅទទួលការចាក់វ៉ាក់សាំង ២ដូស និងដូសជំរុញ ដើម្បីចៀសផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។។

បើតាមលេខាធិការរងទទួលបន្ទុកព័ត៌មានរបស់អនុប្រធានាធិបតី គឺលោកស្រី សាប្រ៊ីណា សាញ (Sabrina Singh) បន្ទាប់ពីមានរបាយការណ៍ នៃការឆ្លងកូវីដ១៩ ទៅលើស្វាមីរបស់លោកស្រីអនុប្រធានាធិបតី, ជាការប្រុងប្រយ័ត្ន លោកស្រី ហារីស នឹងមិនចូលរួមព្រឹត្តិការណ៍ Equal Pay Day នៅឯសេតវិមានដែលនឹងធ្វើឡើងនៅយប់នេះទេ (ម៉ោងក្នុងតំបន់) បើទោះបីជាលោកស្រីបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ក៏ដោយ។

គួរបញ្ជាក់ថា ការធ្វើតេស្តវិជ្ជមានរបស់លោក អេមហស្វ ជាករណីដំបូងបង្អស់ដែលបានកើតឡើងក្នុងចំណោមគ្រួសារនៃថ្នាក់ដឹកនាំកំពូលអាមេរិក ចាប់តាំងពី លោកស្រី ហារីស និងលោក ចូ បៃដិនស្បថចូលកាន់តំណែងមក៕