(ក្រុងឡុងដ៍)៖ អង្គការប្រទេសនាំចេញប្រេង (OPEC) បានឱ្យដឹងនៅថ្ងៃអង្គារថា តម្រូវការប្រេងក្នុងឆ្នាំ២០២២ ប្រឈមនឹងបញ្ហាពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការកើនឡើងអតិផរណា ខណៈតម្លៃប្រេងឆៅកើនឡើងខ្លាំង ដែលបង្កើនលទ្ធភាពទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់តម្រូវការដ៏រឹងមាំនៅឆ្នាំនេះ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅបានកើនឡើងដល់ខ្ពស់ជាង ១៣៩ដុល្លារក្នុងមួយបារ៉ែលនៅខែនេះ ដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់កើតមានគិតចាប់ពីឆ្នាំ២០០៨មក ខណៈដែលទណ្ឌកម្មប្រទេសលោកខាងលិចបានរឹតបន្តឹងប្រទេសរុស្ស៊ីដោយសារការធ្លានពានលើប្រទេសអ៊ុយក្រែន និងការរារែងការលក់ចេញប្រេងពីប្រទេសរុស្ស៊ី ដែលបង្កឱ្យមានកំណើនអតិផរណាដែលកំពុងតែកើនឡើងស្រាប់ទៅហើយនោះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំខែរបស់អង្គការ OPEC ថា អង្គការនេះបានរក្សាការព្យាកររបស់ខ្លួននៅដដែលដោយមើលឃើញថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ៤,១៥លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២២នេះ ហើយបានដំឡើងការព្យាកររបស់ខ្លួនសម្រាប់តម្រូវការប្រេងឆៅពិភពលោក។

ប៉ុន្តែអង្គការនេះដែលកាលពីមួយខែមុនបានបង្កើនលទ្ធភាពនៃការកើនឡើងតម្រូវការប្រេងយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២២នោះ បានឱ្យដឹងថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងក្តីបារម្ភជាបន្តអំពីជំងឺកូវីដ-១៩ នឹងមានផលប៉ះពាល់អវិជ្ជមានរយៈពេលខ្លីទៅលើកំណើនសេដ្ឋកិច្ចពិភពលោក។

អង្គការ OPEC បានឱ្យដឹងក្នុងរបាយការណ៍ដដែលនេះថា៖ «ដោយសម្លឹងមើលទៅមុខ បញ្ហាប្រឈមចំពោះសេដ្ឋកិច្ចពិភពលោក ជាពិសេសទាក់ទងនឹងការថមថយកំណើនសេដ្ឋកិច្ច ការកើនឡើងអតិផរណា និងភាពចលាចលភូមិសាស្រ្តនយោបាយដែលកំពុងកើតមាន នឹងប៉ះពាល់ដល់តម្រូវការប្រេងក្នុងតំបន់ផ្សេងៗ»

អង្គការ OPEC បានឱ្យដឹងថា៖ «បើទោះជាឆ្នាំនេះបានចាប់ផ្តើមជាមួយនឹងមូលដ្ឋានរឹងមាំក្តី ក៏ព្រឹត្តិការណ៍ចុងក្រោយបំផុតនៅអឺរ៉ុបខាងកើតអាចបង្អាក់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ»

ការប្រើប្រាស់ប្រេងពិភពលោករំពឹងថានឹងកើនឡើងលើស ១០០បារ៉ែលក្នុងមួយថ្ងៃ នៅត្រីមាសទី៣ ស្របតាមការព្យាកររបស់អង្គការ OPEC កាលពីខែមុន។ អង្គការ OPEC បានដំឡើងការព្យាកររបស់ខ្លួនអំពីការប្រើប្រាស់ប្រេងសរុបនៅឆ្នាំនេះចំនួន ១០០.០០០បារ៉ែលក្នុងមួយថ្ងៃដល់ ១០០,៩លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕