(ប៉េកាំង)៖ កាលពីយប់ថ្ងៃទី១៣ ខែមីនា ក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ លោក Andrew Parsons ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិបានវាយតម្លៃថា ប្រទេសចិនបានបង្កើតគំរូឱ្យ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា នៅពេលអនាគត។ នៅពេលមុននេះ លោក Andrew Parsons ក៏ធ្លាប់និយាយត្រង់ៗថា នេះជាការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាដ៏ល្អបំផុតមួយលើក ដែលលោកធ្លាប់ឃើញ។

ក្នុងរយៈពេល៩ថ្ងៃ អត្តពលិកពិការជិត៦០០នាក់ ដែលមកពីប្រទេសនិងតំបន់ចំនួន៤៦ នៅទូទាំពិភពលោក បានតស៊ូព្យាយាមជំនះលើខ្លួនឯងហើយបញ្ជាក់ថា «ជនពិការក៏អាចរស់នៅយ៉ាងអស្ចារ្យដែរ»។ អត្តពលិកចិននិងអន្តរជាតិ បានតស៊ូព្យាយាមដើម្បីបង្ហាញ ពីទស្សនៈតម្លៃនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកពោលគឺ «ក្តីអង់អាចក្លាហាន ការប្តេជ្ញាចិត្ត ការលើកទឹកចិត្តនិងស្មើភាពគ្នា» ក៏ដូចជាបន្ថែមបញ្ចូលនូវជំនឿចិត្តនិងកម្លាំង ដល់ពិភពលោកក្នុងបរិបទដែលជំងឺកូវីដ១៩ កំពុងរីករាលដាល។

គួរបញ្ជាក់ថា គណៈប្រតិភូកីឡាចិនបានជាប់ចំណាត់ថ្នាក់ទីមួយ ទាំងក្នុងតារាងមេដាយមាស ទាំងតារាងមេដាយ ដែលបានបង្កើតស្នាដៃល្អបំផុតរបស់ចិន ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា។ នេះជាសក្សីនៃការអភិវឌ្ឍយ៉ាងរស់រវើក នៃកិច្ចការកីឡាជនពិការរបស់ចិន ហើយក៏បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោ នៃការធានាសិទ្ធិមនុស្សរបស់ចិនដែរ។

សូមយកកីឡារដូវរងាជាឧទាហរណ៍ ចាប់តាំងពីប្រទេសចិនលើកឡើងគោលដៅស្តីពី «ការណែនាំប្រជាជនចំនួន៣០០លាននាក់ ចូលរួមកីឡាព្រិលទឹកកក» មក មនុស្សដែលមានកាយសម្បាទាគ្រប់គ្រាន់ និងជនពិការរបស់ចិនបានលើកទឹកចិត្តគ្នាទៅវិញទៅមក និងពួតដៃគ្នារីកចម្រើនទៅមុខ ដើម្បីសម្រេចគោលដៅនេះនៅពេលមុនបើកធ្វើការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង។ ចាប់តាំងពីឆ្នាំ២០១៦មក ចិនបានរៀបចំធ្វើសកម្មភាព «រដូវកាលកីឡាព្រិលទឹកកករបស់ជនពិការ» រយៈពេល៦ឆ្នាំជាប់គ្នា ដែលសរុបបានទាក់ទាញជនពិការជាង ៣សែននាក់មកចូលរួម។

ក្រៅពីនេះ តាមការឧទ្ទេសនាមនៃផ្នែកពាក់ព័ន្ធរបស់ចិនឱ្យដឹងថា បច្ចុប្បន្ននេះ ច្រកចេញចូល៨១ភាគរយ នៃបរិក្ខាសេវាកម្មចម្រុះនៅតំបន់មូលដ្ឋាន បញ្ជរផ្តល់សេវា៥៦ភាគរយ និងបន្ទប់ទឹក៣៨ភាគរយរបស់ចិន ត្រូវបានកសាងនិងកែច្នៃឱ្យគ្មានរបាំង បានដាក់អេក្រង់និងប្រព័ន្ធប្រកាសឈ្មោះចំណតឡានក្រុង ហើយការផ្គត់ផ្គង់ផលិតផលឧបករណ៍ទូរគមនាគមន៍គ្មានរបាំង ក៏បានកើនឡើងឥតឈប់ឈរដែរ។ នេះជាគំរូតូចមួយក្នុងការការពារសិទ្ធិមនុស្សរបស់ចិន។

អាចឃើញថា ក្នុងដំណើរការអភិវឌ្ឍរបស់ចិន កិច្ចការរបស់ជនពិការក៏បានដើរទន្ទឹមជាមួយគ្នាដែរ។ ចិនបានអនុវត្តជាក់ស្តែងនូវពាក្យសន្យាស្តីពី «ក្នុងដំណើរការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនអាចខ្វះជនពិការម្នាក់ណាមួយទេ» ពោលគឺ ជនពិការអាចចូលរួមជីវភាពរស់នៅសង្គមដោយស្មើភាពគ្នា អាចចែករំលែកសមិទ្ធផលអភិវឌ្ឍជាមួយគ្នា ។

ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងប្រៀបដូចជាកញ្ចក់មួយផ្ទាំង ស្របពេលដែលនាំមកភាពកក់ក្តៅ និងភាពរំភើបចិត្តដល់អ្នកផងទាំងពួង ក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍនិងភាពរីកចម្រើននៃសិទ្ធិមនុស្សរបស់ចិន ព្រមទាំងបង្ហាញពីសារសំខាន់ នៃការអភិវឌ្ឍដោយបរិយាប័ន្នចំពោះពិភពលោក ដើម្បីរួមចំណែកជាពុទ្ធិចិនក្នុងការបំពេញបន្ថែម អភិបាលកិច្ចសិទ្ធិមនុស្សជាសកល៕