(សេអ៊ូល)៖ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ប៊ូ ស៊ុងឆាន់ (Boo Seung Chan) បាននិយាយនៅថ្ងៃអង្គារនេះថា ក្រៅពីជំនួយមនុស្សធម៌ ប្រទេសកូរ៉េខាងត្បូងបានសម្រេចផ្តល់ជំនួយជាសម្ភារៈយោធាផ្សេងៗ ដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត លើកលែងតែប្រព័ន្ធសព្វាវុធ ខណៈដែលប្រតិបត្តិការយោធារបស់រុស្ស៊ីនៅតែបន្ត។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌រុស្ស៊ី Sputnik នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

លោក ប៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «រដ្ឋាភិបាលរបស់យើងសម្រេចផ្តល់បរិក្ខាយោធា ដល់អ៊ុយក្រែនប៉ុន្តែមិនមែនសព្វាវុធឡើយ»។ លោកបន្ថែមថា ការចរចាលើចំណុចលម្អិតជាក់លាក់ ដូចជាបញ្ជីឈ្មោះសម្ភារៈ
និងផែនការដឹកជញ្ជូនជាដើម កំពុងស្ថិតក្នុងដំណើរការ។

អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា ទីក្រុងសេអ៊ូលនឹងស្វែករកមធ្យោបាយទិញ ឬផលិតអាវុធសម្រាប់កងទ័ពខ្លួន
នៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ ឬនៅក្នុងប្រទេសទី៣ ដើម្បីបញ្ឈប់ការប្រើប្រាស់អាវុធរបស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ ទីក្រុងសេអ៊ូល បានផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ បន្ទាប់ពីការបើកប្រតិបត្តិការយោធារបស់រុស្ស៉ី។ កញ្ចប់ជំនួយនោះ រួមបញ្ចូលទាំងសម្ភារៈវេជ្ជសាស្រ្តចំនួន៤០តោន ដែលរួមមានដូចជា ឧបករណ៍សង្រ្គោះបឋម ម៉ាស់ និងឧបករណ៍ជំនួយផ្លូវដង្ហើម៕