(ញូយ៉ក)៖ ពិភពលោកមិនត្រូវការសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នារវាងប្លុកណាមួយឡើយ ប៉ុន្តែត្រូវការជាចាំបាច់នូវភាពរីកចម្រើន និងជឿនលឿនមុខទាំងអស់គ្នា។ នេះបើតាមតំណាងអចិន្ត្រៃយ៍ចិនប្រចាំ UN លោក ហ្សាន ជុន (Zhang) ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីសហប្រតិបត្តិការជាមួយអង្គការ OSCE លោក ហ្សាន ជុន បានលើកឡើងដូច្នេះថា «សង្រ្គាមត្រជាក់បានបិទបញ្ចប់ជាយូរណាស់មកហើយ។ ចំណែកឯ ផ្នត់គំនិតសង្រ្គាមត្រជាក់នៃការ ប្រឈមមុខដាក់គ្នារវាងប្លុកណាមួយ ក៏គួរតែត្រូវបានបោះបង់ចោលទាំងស្រុងផងដែរ ដ្បិតការប្រឈមមុខដាក់គ្នាបែបនេះមានតែនាំទៅរក គ្រោះមហន្តរាយ និងការបែកបាក់តែប៉ុណ្ណោះ»

លោកបន្ថែមទៀតថាពិភពលោកមិនត្រូវការសង្រ្គាមត្រជាក់ថ្មីណាមួយឡើយ តែត្រូវការរីកចម្រើន និងជឿនលឿនទៅមុខទាំងអស់គ្នា។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ហ្សាន ជុន កើតមានឡើងនៅចំពេលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កំពុងបន្ត ស្វែងរកការគាំទ្រក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ខណៈសង្រ្គាមបានឈានចូលដល់សប្ដាហ៍ទី៣ហើយ៕