(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថាប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន បាន និងកំពុងដំណើរការតាមផែនការដែលបានគ្រោងទុក ហើយនឹងបិទបញ្ចប់យ៉ាងពេញលេញទាន់ពេលវេលា។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Tass នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

លោក ប៉េស្កូវ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅម៉ូស្គូ)។ ថ្លែងនាឱកាសនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានបញ្ជាក់ដូច្នេះថា «រុស្ស៊ីមានសក្តានុពលគ្រប់គ្រាន់ក្នុងការដឹកនាំប្រតិបត្តិការយោធាពិសេសនៅក្នុង ប្រទេសអ៊ុយក្រែន។ ប្រតិបត្តិការនេះកំពុងដំណើរការតាមផែនការគ្រោងទុក ហើយនឹងបញ្ចប់យ៉ាងពេញទាន់ពេលវេលា»

ប៉ុន្តែ ផ្ទុយពីការលើកឡើងរបស់លោក ប៉េស្កូវ, ក្រុមមន្ត្រីមកពីបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក និងអង់គ្លេស បាននិយាយថាប្រតិបត្តិការយោធារបស់រុស្ស៊ី មិនបានប្រព្រឹត្តទៅតាមផែនការឡើយ ដោយកងទ័ពរុស្ស៊ីកំពុងជាប់គាំង, មានបញ្ហាភស្ដុភារ និងកំពុងប្រឈមមុខនឹងការតស៊ូប្រឆាំងនឹងយ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែន។

គួរបញ្ជាក់ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ក្នុងគោលបំណងផ្ដួលរំលំរបបយោធា និងគំនិតណាហ្ស៊ីហ៊ីត្លែរនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាង លិចចោទថានេះគ្រាន់តែជាលេសដើម្បីធ្វើសង្រ្គាមឈ្លានពានរបស់លោក ពូទីនតែប៉ុណ្ណោះ៕