(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងថាកិច្ចចរចាជាមួយរុស្ស៊ី នឹងត្រូវ បន្តធ្វើឡើងនៅថ្ងៃអង្គារនេះ ខណៈលោកផ្ទាល់មើលឃើញថាមានភាពរីកចម្រើនខ្លះៗនៅក្នុងកិច្ចចរចាជុំទី៤នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

បើតាមលោក ហ្សេលេនស្គី, លោកក៏បានពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) ផងដែរ ជាផ្នែកមួយនៃកិច្ចខិតប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អប្រសើរមួយ ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។

ថ្លែងនៅក្នុងសារវីដេអូមួយ លោក ហ្សេលេស្គី បានបញ្ជាក់ដូច្នេះថា «ក្រុមប្រតិភូរបស់យើងក៏បានធ្វើការលើរឿងនេះ (កិច្ចព្រមព្រៀង សន្តិភាព) ជាមួយភាគីរុស្ស៊ីផងដែរ»។ លោកបន្ថែមថាកិច្ចចរចាមានភាពរីកចម្រើនល្អគ្រាន់បើ ប៉ុន្តែអ្វីៗមានតែរង់ចាំមើលសិន ខណៈ កិច្ចចរចានឹងបន្តនៅថ្ងៃអង្គារនេះ៕