(យេរូសាឡឹម)៖ យន្តហោះ ១គ្រឿងដែលត្រូវបានគេសង្ស័យថា ត្រូវបានប្រើប្រាស់ដោយសេដ្ឋីរុស្ស៊ី លោក Roman Abramovich ដែលបានរងទណ្ឌកម្មនោ បានចាកចេញពីប្រទេសអ៊ីស្រាអ៊ែលហើយនាថ្ងៃចន្ទ ស្របពេលអន្តរជាតិបានធ្វើការបង្កកទ្រព្យសម្បត្តិអ្នកជំនួញកំពូលជនជាតិរុស្ស៊ីរូបនេះ បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

អ្នកដែលដឹងពីបញ្ហាបានប្រាប់សារព័ត៌មាន Reuters ថា យន្តហោះមួយគ្រឿងដែលប្រើប្រាស់ដោយលោក Abramovich បានហោះចុះចត នៅអាកាសយានដ្ឋាន Ben Gurion នៃទីក្រុង Tel Aviv របស់អ៊ីស្រាអ៊ែលកាលពីថ្ងៃអាទិត្យ។

គេហទំព័រតាមដានជើងហោះហើរ Radarbox បានឲ្យដឹងថា យន្តហោះដែលមានលេខនៅកន្ទុយ LX-RAY នោះ បានហោះចេញពីអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអ៊ែលជាមួយនឹងទីក្រុង Istanbul របស់តួកគី ត្រូវបានកំណត់ជាគោលដៅរបស់ខ្លួន។

គេហទំព័រខាងលើបង្ហាញថា យន្តហោះនេះបានមកដល់ពីទីក្រុង Moscow របស់រុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យ។ អ៊ីស្រាអ៊ែលបានដាក់ការរឹតត្បិត លើយន្តហោះឯកជនចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី មានន័យថា យន្តហោះមិនអាចចតលើដីលើសរយៈពេល ២៤ម៉ោងបាននោះទេ។

លោក Abramovich ដែលជាម្ចាស់ក្លិបបាល់ទាត់ Chelsea នៅអង់គ្លេសនោះ បានស្ថិតក្នុងចំណោមអ្នកជំនួញឈានមុខគេ ដែលមានឥទ្ធិពលក្នុងផ្នែកនយោបាយរបស់រុស្ស៊ីចំនួន ៧នាក់ដែលត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីទណ្ឌកម្មរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងដាក់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឲ្យនៅដាច់ដោយឡែកពីគេ ដោយសារតែការឈ្លានពានរបស់លោកលើប្រទេសអ៊ុយក្រែន៕