(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានអង្គការ NATO ថារដ្ឋជាសមាជិករបស់ខ្លួន អាចនឹងរងការវាយប្រហារក្នុងពេលឆាប់ៗនេះពីសំណាក់កងទ័ពរុស្ស៊ី បន្ទាប់ពីមូលដ្ឋានទ័ពអ៊ុយក្រែនមួយកន្លែង ស្ថិតក្បែរព្រំដែននៃប្រទេសប៉ូឡូញ រងការវាយប្រហារតាមផ្លូវអាកាស។

នៅក្នុងសារមួយជាវីដេអូចេញផ្សាយ នៅយប់ឈានចូលថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវសាជាថ្មីផងដែរឱ្យមានការបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ី បើទោះជាការស្នើបែបនេះធ្លាប់ត្រូវបាន អាមេរិក និង NATO ទាត់ចោលក៏ដោយ។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើអ្នក (NATO) មិនព្រមបិទដែនអាកាសរបស់យើងទេ នោះមិនយូរមិនឆាប់ គ្រាប់មីស៊ីលរុស្ស៊ីនឹងធ្លាក់ចូលក្នុងទឹកដីរបស់អ្នក, ទឹកដី NATO និងផ្ទះរបស់ប្រជាជន NATO»។

បើតាមលោក ហ្សេលេនស្គី, ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីលើមូលដ្ឋានទ័ពអ៊ុយក្រែន យ៉ាវ៉ូរៀវ (Yavoriv) វាប្រៀបបានដូចជាសង្រ្គាមបាន រាលដាលដល់មាត់ទ្វារផ្ទះរបស់ NATO ហើយ។ ពីព្រោះថាមូលដ្ឋានទ័ព Yavoriv ស្ថិតនៅក្រៅទីក្រុងល្វីវ (Lviv) មានចម្ងាយតែជាង ១៥គីឡូម៉ែត្រ ប៉ុណ្ណោះពីព្រំដែនប៉ូឡូញដែលជាសមាជិក NATO។

* សម្លាប់មាន់ បំភ័យស្វា

ការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីលើមូលដ្ឋានទ័ពអ៊ុយក្រែន យ៉ាវ៉ូរៀវ (Yavoriv) កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានផ្ដាច់ជីវិតមនុស្ស ៣៥នាក់ និងរបួស១៣៤នាក់។ ការវាយប្រហារនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងម៉ូស្គូ បានព្រមានថាខ្លួននឹង បើកការវាយប្រហារលើក្បួនយោធាដឹកជញ្ជូនអាវុធឱ្យអ៊ុយក្រែន បើទោះជាក្បួននោះចេញដំណើរមកពីដែនដីនៃបណ្ដាប្រទេសជាសមាជិក NATO ក៏ដោយ។

ផ្លូវដឹកជញ្ជូនអាវុធដែលជាជំនួយរបស់ NATO និងកន្លែងស្ដុកទុកអាវុធទាំងនេះត្រូវបានរក្សាជាការណ៍សម្ងាត់។ ប៉ុន្តែ ក្រុមមន្ត្រីលោកខាងលិចយល់ថា ការវាយប្រហាររបស់រុស្ស៊ីគឺជាសារព្រមានទៅកាន់ NATO ជាពិសេសគឺប៉ូឡូញ ឱ្យគិតឡើងវិញជាថ្មីថាការបញ្ជូនអាវុធឱ្យអ៊ុយក្រែនអាចនឹងបង្កជា ហានិភ័យនៃការផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញផងដែរថារុស្ស៊ីមើលឃើញយ៉ាងច្បាស់ថាប៉ូឡូញជាច្រកផ្លូវដ៏មាន សក្តានុពលក្នុងការដឹកជញ្ជូនអាវុធឱ្យអ៊ុយក្រែន។

* សង្រ្គាមអាចនឹងរាលដាល ចេញពីអ៊ុយក្រែន ឬ?

បើតាមក្រុមអ្នកវិភាគមួយចំនួន, ការវាយប្រហាររបស់រុស្ស៊ីលើមូលដ្ឋានទ័ពអ៊ុយក្រែន Yavoriv គឺជាសារមួយដែលរុស្ស៊ីចង់ផ្ញើទៅកាន់លោកខាងលិចថា សង្រ្គាមអាចនឹងរាលដាលកាន់តែធំ។ លោក ដានីញែល ហ្សេលីហ្គូវស្គី (Daniel Szeligowski) ជាប្រធានកម្មវិធីអឺរ៉ុបខាងកើត មកពីវិទ្យាស្ថានប៉ូឡូញ សម្រាប់កិច្ចការអន្តរជាតិ បានសង្កត់ធ្ងន់ថាវាដល់ពេលហើយដែលរដ្ឋបាលលោក ចូ បៃដិន គួរតែឈប់ប្រាប់លោក ពូទីន ពីអ្វីដែលបុរសខ្លាំងរូបនេះ មិនត្រូវធ្វើ តែគួរតែប្រាប់លោក ពូទីន ថាសហរដ្ឋអាមេរិកនឹងធ្វើអ្វី។

នៅក្រោយការវាយប្រហាររបស់រុស្ស៊ី ដែលបង្កឱ្យមានការព្រួយបារម្ភថាសង្រ្គាមបានរាលដាលទៅដល់តំបន់ក្បែរព្រំដែនប៉ូឡូញ ដែលប្រៀបដូចជា មាត់ទ្វារផ្ទះ NATO, ជំហររបស់សហរដ្ឋអាមេរិកមិនមានការផ្លាស់ប្ដូរទេ ពោលគឺនៅតែចៀសវាងឱ្យបាននូវការផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។ ថ្លែង ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនាកន្លងទៅនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថាយោធាអាមេរិក នៅតែបារម្ភពីតំបន់ខ្សែការពាររបស់ NATO ក្នុងតំបន់អឺរ៉ុបខាងកើត ជាពិសេសនៅចន្លោះរវាងព្រំដែនប៉ូឡូញ និងអ៊ុយក្រែន។ តែទោះជាបែបនេះក្ដី លោកនៅតែបញ្ជាក់ដដែលថាសហរដ្ឋអាមេរិក នៅតែជំទាស់នឹងគំនិតចង់បង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន។

«លោកប្រធានាធិបតី ចូ បៃដិន ធ្លាប់បានបញ្ជាក់ច្បាស់ៗរួចហើយថាកងទ័ពអាមេរិក នឹងមិនត្រូវបានបញ្ជូនឱ្យទៅជាកងទ័ពអ៊ុយក្រែន ប្រយុទ្ធជាមួយ កងទ័ពរុស្ស៊ីដោយផ្ទាល់នោះទេ ហើយហេតុផលនោះគឺបើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធានៅក្នុងសង្រ្គាមអ៊ុយក្រែន ឬបង្កើតតំបន់គ្មានការ ហោះហើរ នោះវាអាចនឹងផ្ទុះទៅជាសង្រ្គាមជាមួយរុស្ស៊ី»។ នេះជាការបញ្ជាក់របស់លោក John Kirby។

គួរបញ្ជាក់ថា មកទល់នឹងថ្ងៃចន្ទនេះ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១៩ហើយ ចាប់តាំងពីលោក វ្ល៉ាឌីមៀ ពូទីនប្រកាសបើក ប្រតិបត្តិការយោធាពិសេសលើអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជាសកម្មភាពឈ្លានពាន។ ជាមួយគ្នា កងទ័ពអ៊ុយក្រែនក៏នៅតែ តស៊ូប្រយុទ្ធតែម្នាក់ឯងជាមួយកងទ័ពរុស្ស៊ីដែរ ខណៈអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដើម្បីបង្ខំឱ្យលោក ពូទីន ដកទ័ពចេញ និងសន្យាផ្ដល់ជំនួយយោធាដល់កងទ័ពអ៊ុយក្រែន។ តែនេះគឺជាជំហរមួយដ៏លំបាក ព្រោះថាម្ខាង NATO កំពុងព្យាយាមបញ្ជូនអាវុធឱ្យអ៊ុយក្រែន ហើយ ក៏ព្យាយាមបញ្ចៀសសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ីដែរ៕

ប្រភព៖ Financial Times (ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២)