(កៀវ)៖ ប្រភពពីក្រុមមន្រ្តីអ៊ុយក្រែនបានឱ្យដឹងថា កិច្ចចរចាជុំទី៤ រវាងអ៊ុយក្រែននិងរុស្ស៉ី ត្រូវបានចាប់ផ្តើមហើយ នៅថ្ងៃចន្ទនេះ ខណៈវាធ្វើឡើងក្នុងទម្រង់អនឡាញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

កន្លងមក ជំនួបចរចាជុំដំបូងរវាងក្រុមមន្រ្តីអ៊ុយក្រែន-រុស្ស៉ី បានប្រព្រឹត្តទៅនៅតំបន់ ហ្កោមែល (Gomel) នៃប្រទេសបេឡារុស ដែលនៅជាប់នឹងអ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រីឯជំនួបជុំទី២ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា នៅបេឡារុសដដែល ខណៈភាគីទាំងពីរ បានបន្តជួបគ្នានៅជុំទី៣ទៀត កាលពីថ្ងៃទី០៧ ខែមីនា។ ប៉ុន្តែក្នុងជំនួបលើកទី៤នេះ វាត្រូវបានរៀបចំឡើង តាមប្រព័ន្ធអនឡាញវិញម្តង។

មុនការចាប់ផ្តើមនៃជំនួបជុំថ្មីខាងលើ ទីក្រុងកៀវបានអះអាងថា វានឹងផ្ដោតជាសំខាន់លើការសម្រេចឱ្យបាននូវបទឈប់បាញ់, ការដកទ័ព និងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទនេះ ក៏បានឱ្យដឹងដែរថា ក្រុមមន្រ្តីអ៊ុយក្រែន នឹងព្យាយាមរៀបចំឱ្យមានជំនួបរវាងរូបលោក ហើយនិងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន៕