(ប៊ែរឡាំង)៖ អាល្លឺម៉ង់នឹងទិញយន្ដហោះចម្បាំង F-35 ចំនួន៣៥គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីយកមកជំនួសយន្ដហោះស៊េរីចាស់ Tornado របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីដើមខែកុម្ភៈកន្លងទៅ ដោយផ្អែកលើប្រភពពីមន្ត្រីការពារជាតិអាល្លឺម៉ង់ ក៏ធ្លាប់បានរាយការណ៍ដែរថា ទីក្រុងប៊ែរឡាំង មានបំណងទិញយន្ដហោះចម្បាំង F-35 ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ប៉ុន្តែមិនទាន់មានការសម្រេចចិត្តចុងក្រោយ ណាមួយឡើយនៅពេលនោះ។

យន្ដហោះចម្បាំង Tornado ត្រូវបានអាល្លឺម៉ង់ប្រើចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ ហើយទីក្រុងប៊ែរឡាំងមានបំណងទិញយន្ដហោះចម្បាំងផ្សេង មកជំនួសយន្ដហោះចម្បាំងស៊េរីចាស់នេះជាដំណាក់កាល នៅចន្លោះរវាង ២០២៥ និងឆ្នាំ២០៣០។

ប៉ុន្តែ ការសម្រេចចិត្តទិញយន្ដហោះចម្បាំង F-35 បើវាត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ទទួលស្គាល់មែន នោះវាអាចនឹងធ្វើឱ្យបារាំងខកចិត្ត ដ្បិតទីក្រុងប៉ារីសខ្លាចប៉ះពាល់គម្រោងអភិវឌ្ឍយន្ដហោះចម្បាំងរួមគ្នារវាង បារាំង និងអាល្លឺម៉ង់ ដែលត្រូវបានគេរំពឹងថានឹងរួចរាល់នៅឆ្នាំ២០៤០៕