(តូក្យូ)៖ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) បាននិយាយថា រដ្ឋាភិបាលជប៉ុនអាចប្រើប្រាស់ជំនាញនិងបទពិសោធន៍របស់ខ្លួន ដើម្បីជួយក្នុងការដោះស្រាយបញ្ហា ដែលបណ្តាលមកពីកាលេចធ្លាយសារធាតុវិទ្យុសកម្ម ឬឧប្បត្តិហេតុនុយក្លេអ៊ែរផ្សេងៗ ប្រសិនបើរឿងនេះកើតឡើងក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

មន្រ្តីទូតជាន់ខ្ពស់ជប៉ុនរូបនេះបានគូសបញ្ជាក់ថា ប្រសិនបើមានគ្រោះមហន្តរាយណាមួយ កើតឡើងក្នុងប្រទេសអ៊ុយក្រែននោះ កំលុងស្ថានការណ៍សង្រ្គាមបច្ចុប្បន្ន ជប៉ុនអាចចែករំលែកជំនាញនិងបទពិសោធន៍របស់ខ្លួន ដែលធ្លាប់ទទួលបានពីការដោះស្រាយ បញ្ហាលេចធ្លាយសារធាតុវិទ្យុសកម្ម នៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) កាលពីឆ្នាំ២០១១។ សប្តាហ៍មុននេះ ជប៉ុនទើបតែបានប្រារព្ធខួបគ្រោះមហន្តរាយរោងចក្រថាមពល Fukushima។

គួរបញ្ជាក់ថា កន្លងមកនេះ បញ្ហាសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន ក្លាយជាប្រធានបទមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អន្តរជាតិ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការប្រយុទ្ធគ្នាបានកើតឡើង នៅក្បែរទីតាំងទាំងនោះ៕