(រីហ្កា)៖ ប្រធានាធិបតីប្រទេសឡេតូនី លោក អ៊ីហ្គីល ឡេវីត (Egils Levits) បានអំពាវនាវឲ្យមាន «វត្តមានជាអចិន្ត្រៃយ៍» នៃកងទ័ពអាមេរិក នៅតំបន់បាល់ទិច ចំពោះមុខការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ក្រោមហេតុផលថា ចំណាត់ការនេះនឹងជួយរារាំងទីក្រុងមូស្គូ ពីការវាប្រហារហួសអ៊ុយក្រែន ទោះរុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ខ្លួនមិនមានគម្រោងវាយប្រហារប្រទេសណាមួយផ្សេងទៀតក៏ដោយ។

នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក ឡេវីត បាននិយាយថា វត្តមានយោធាអចិន្រ្តៃយ៍របស់កងទ័ពអាមេរិកក្នុងតំបន់ គឺចាំបាច់ខ្លាំងណាស់ ដើម្បីបង្ការចំពោះអ្វីដែលលោកហៅថាជាការឈ្លានពានរបស់រុស្ស៉ី។ លោកបានលើកឡើងដូច្នេះថា «អង្គការណាតូ (NATO) គួរតែពង្រឹងផ្នែកខាងកើតរបស់ខ្លួន ដែលមានតំបន់បាល់ទិច, ប៉ូឡូញ, រ៉ូម៉ានី ជាដើម ដើម្បីជាសញ្ញាប្រាប់ដល់ទីក្រុងមូស្គូថា ណាតូត្រៀមខ្លួនរួចជាស្រេច ក្នុងការពារប្រទេសជាសមាជិក ខ្ញុំស្វាគមន៍វត្តមានកងទ័ពអាមេរិក ក្នុងប្រទេសប៉ូឡូញ និងតំបន់បាល់ទិច»

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីលោក ឡេវីត បានចោទប្រកាន់ថា ប្រទេសរុស្ស៊ីមានផែនការឈ្លានពាន ហួសពីទឹកដីអ៊ុយក្រែនទៅទៀត ទោះបីវាជាអ្វីដែលទីក្រុងមូស្គូបានបដិសេធក៏ដោយ ហើយលោកបានលើកហេតុផលថា ការរក្សាកងទ័ពណាតូជាអចិន្ត្រៃយ៍ នៅតំបន់បាល់ទិច នឹងជាការឆ្លើយតបសមស្របមួយ ចំពោះការគំរាមកំហែងរបស់ទីក្រុងមូស្គូ។ ក្នុងបទសម្ភាសន៍ដដែល លោក ឡេវីត ក៏បានអះអាងដែរថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន មិនត្រឹមតែជាការវាយប្រហារលើរដ្ឋមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើប្រឆាំងនឹងគុណតម្លៃរបស់លោកខាងលិច ថែមទៀតផង។

គួរបញ្ជាក់ថា តាំងពីដើមមក សហរដ្ឋអាមេរិកនិង NATO បានដាក់ពង្រាយកងទ័ពក្នុងគោលការណ៍ឆ្លាស់វេនប៉ុណ្ណោះ នៅឯតំបន់បាល់ទិច៕