(ល្វីវ)៖ កិច្ចចរចាជុំទី៤ រវាងអ៊ុយក្រែន និងរុស្ស៊ីដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទេះ នឹងផ្ដោតជាសំខាន់លើការសម្រេចឱ្យបាននូវបទឈប់បាញ់, ការដកទ័ព និងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។ នេះបើតាមមន្ត្រីចរចាអ៊ុយក្រែនម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

ប៉ុន្តែ នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម មន្ត្រីចរចាអ៊ុយក្រែន លោក មីខាយឡូ ប៉ូឌុលយ៉ាក់ (Mykhailo Podolyak) ក៏បានបញ្ជាក់ ដែរថាជំហររបស់អ៊ុយក្រែន នឹងមិនមានការផ្លាស់ប្ដូរទេ ពាក់ព័ន្ធនឹងការទទូចឱ្យមានបទឈប់បាញ់ជាមុនសិន មុននឹងមានកិច្ចពិភាក្សាស្ដីពីទំនាក់ទំនង នៅពេលអនាគត។ លោកបន្ថែមដូច្នេះថា «កិច្ចចរចាជុំទី៤ នឹងផ្ដោតលើសន្តិភាព, បទឈប់បាញ់, ការដកទ័ពរុស្ស៊ីចេញជាបន្ទាន់ និងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា រុស្ស៊ីបានបដិសេធថាខ្លួនមិនបានបើកការវាយប្រហារដោយមានគោលដៅលើជនស៊ីវិលនោះទេ ហើយហៅសង្រ្គាម របស់ខ្លួននៅអ៊ុយក្រែនថាជាប្រតិបត្តិការយោធាពិសេសសំដៅផ្ដួលរំលំរបបយោធានៅអ៊ុយក្រែន និងគំនិតណាហ្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ អ៊ុយក្រែន និងសម្ពន្ធមិត្តលោកខាងលិចចោទថានេះគ្រាន់តែជាលេស ដើម្បីប្រកាសសង្រ្គាមប៉ុណ្ណោះ៕