(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Zelenskyy) នៅថ្ងៃចន្ទនេះ បានព្រមានអង្គការ NATO ថា បណ្តារដ្ឋដែលជាសមាជិករបស់បក្សសម្ព័ន្ធនេះ មិនយូរឡើយមុខជានឹងទទួលរងការវាយប្រហាររបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូ ទើបតែបានធ្វើការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានយោធាមួយកន្លែងរបស់អ៊ុយក្រែន ដែលនៅកៀកនឹងព្រំប្រទល់ប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

ដោយទទូចសាជាថ្មីឱ្យអង្គការ NATO យល់ព្រមបង្កើតតំបន់គ្មានការហោះហើរ នៅលើដែនអាកាសប្រទេសលោក លោក Zelenskyy បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើពួកអ្នកនៅតែមិនជួយបិទដែនអាកាសរបស់យើង មិនយូរមិនឆាប់ទេ មីស៉ីលរុស្ស៉ីមុខជានឹងធ្លាក់ចូលទឹកដីរបស់អ្នក គឺទៅលើទឹកដី NATO, លើផ្ទះរបស់ពលរដ្ឋ NATO»

គួរបញ្ជាក់ថា កំលុងយប់ថ្ងៃសៅរ៍ឈានចូលដល់ ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស ចូលជ្រៅទៅកាន់តំបន់ភាគខាងលិចរបស់អ៊ុយក្រែន លើមូលដ្ឋានយោធាមួយកន្លែង ក្បែរតំបន់យ៉ាវ៉ូរីវ (Yavoriv) នៅជាយទីក្រុងល្វីវ (Lviv) ដែលស្ថិតនៅកៀកមែនទែននឹងព្រំប្រទល់ EU ក៏ដូចជាប្រទេសប៉ូឡូញ ដែលជាសមាជិក NATO។

ឆ្លើយតបចំពោះប្រតិបត្តិការយោធារបស់រុស្ស៉ីលើអ៊ុយក្រែន សហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្ត EU បាននាំគ្នាដាក់ទណ្ឌកម្មធ្ងន់ មិនធ្លាប់មានប្រឆាំងនឹងទីក្រុងមូស្គូ ហើយផ្តល់ជំនួញជាច្រើនដើម្បីជួយដល់អ៊ុយក្រែន។ យ៉ាងណាក្តី លោក Zelenskyy នៅតែបន្ត ទទូចឱ្យក្រុមប្រទេសលោកខាងលិច ប្រឹងជួយឱ្យខ្លាំងជាងនេះទៀត ដើម្បីបញ្ឈប់សង្រ្គាម៕