(ប៉េកាំង)៖ ការបង្វិលពន្ធសងវិញនឹងគិតពិចារណាជាអាទិភាព ពីមីក្រូសហគ្រាសនិងសហគ្រាសធុនតូច បន្តជំរុញការអនុវត្តវិធានការ ដែលមានអំណោយផលដល់សហគ្រាស និងជីវភាពរស់នៅរបស់ប្រជាជន ទម្លាក់ថវិកាកាន់តែច្រើនឡើងៗថែមមួយកម្រិតទៀត ក្នុងវិស័យការអប់រំជាកាតព្វកិច្ចរយៈពេល ៩ឆ្នាំ នៅជនបទនិងតំបន់ដាច់ស្រយាល ចំណែករដ្ឋបាលក្នុងតំបន់ត្រូវគ្រប់គ្រង និងចាត់ចែងថវិកាឱ្យបានល្អដែលមិនខ្ជះខ្ជាយ តែផ្តោតសំខាន់ទៅលើការទម្លាក់ថវិកា ដើម្បីឱ្យតួអង្គសំខាន់ៗនៃទីផ្សារចែករំលែក ផលប្រយោជន៍ពីគោលនយោបាយក្នុងពេលឆាប់ៗ។ល។

បន្ទាប់ពីមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន បានបិទបញ្ចប់កាលពីថ្ងៃទី ១១ ខែមីនា នាយករដ្ឋមន្ត្រីចិនបានធ្វើដូចគ្នានឹងឆ្នាំមុនៗដែរ ដោយបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងនោះ បញ្ហាជាចំណុចក្តៅអំពីជីវភាពរស់នៅរបស់ប្រជាជន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់គ្រប់មជ្ឈដ្ឋាន។

ឱកាសការងារជាបញ្ហាសំខាន់បំផុតក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ដើម្បីដោះស្រាយបញ្ហាឱកាសការងារ និងធានាជាក់លាក់ឱ្យប្រជាជនមានការងារធ្វើ គឺចាំបាច់ត្រូវធានាដល់តួអង្គសំខាន់ៗនៃទីផ្សារ ។ យោងតាមទិន្នន័យស្ថិតិបានឱ្យដឹងថា មានតួអង្គសំខាន់ៗនៃទីផ្សារចំនួន ១៥០លាននៅទូទាំងប្រទេសចិន ក្នុងនោះបួករួមទាំងអ្នកប្រកបរបររកស៊ីជាលក្ខណៈឯកជនចំនួន ១០០លានដែល បានជំរុញឱ្យមនុស្សជិត ៣០០លាននាក់ មានការងារធ្វើដោយនឹងនរ។ ប្រការទាំងនេះអាចឃើញថា ដើម្បីធានាដល់តួអង្គសំខាន់ៗនៃទីផ្សារ ចាំបាច់ត្រូវផ្តោតសំខាន់ដល់មីក្រូសហគ្រាស និងសហគ្រាសធុនតូចព្រមទាំងអ្នកប្រកបរបររកស៊ី ជាលក្ខណៈឯកជន។

សូមបញ្ជាក់ថា ឆ្នាំនេះ តួអង្គសំខាន់ៗនៃទីផ្សារទាំងនេះ ក៏ទទួលបានដំណឹងល្អជាច្រើនម្តងទៀតផងដែរ ពោលគឺ រដ្ឋាភិបាលចិនបានបង្ហាញយ៉ាងជាក់លាក់ថា ការបង្វិលពន្ធសងវិញនឹងគិតពិចារណាជាអាទិភាព ពីមីក្រូសហគ្រាសនិងសហគ្រាសធុនតូច ត្រូវបង្វិលពន្ធដារសងឱ្យមីក្រូសហគ្រាស និងសហគ្រាសធុនតូចវិញទាំងស្រុង មុនចុងខែមិថុនាឆ្នាំនេះ ត្រូវបង្វិលពន្ធដារសងឱ្យសហគ្រាសឧស្សាហកម្មសំខាន់ៗ ដូចជាឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មសិក្សាស្រាវជ្រាវ និងឧស្សាហកម្មសេវាកម្មជាដើមវិញទាំងស្រុងក្នុងឆ្នាំនេះ ចំណែកពន្ធបន្ថែមរបស់មីក្រូសហគ្រាសនិងសហគ្រាសធុនតូចនឹងបង្វិលសងវិញតាមខែ។ល។ ផលប្រយោជន៍ពីការកាត់បន្ថយពន្ធដារនិងថ្លៃសេវារដ្ឋបាល ដែលបញ្ចេញដោយគោលនយោបាយជាច្រើន បានផ្តល់ជំនួយដោយចំគោលដៅ ដល់តួអង្គសំខាន់ៗ នៃទីផ្សារដែលមានការលំបាកក្នុងការធ្វើអាជីវកម្ម ។

លើសពីនេះទៅទៀត រដ្ឋាភិបាលចិនក៏បានធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់ នូវការធានាជីវភាពរស់នៅរបស់ប្រជាជនជាមូលដ្ឋាន ដូចជា ការធានារ៉ាប់រងផ្នែកសុខាភិបាលនិងការអប់រំជាដើម។ នៅឆ្នាំនេះ រដ្ឋាភិបាលចិននឹងទម្លាក់ថវិកាកាន់តែច្រើនឡើងៗ ក្នុងវិស័យការអប់រំជាកាតព្វកិច្ចរយៈពេល៩ឆ្នាំ នៅជនបទនិងតំបន់ដាច់ស្រយាល ស្តង់ដារឧបត្ថម្ភធនផ្នែកហិរញ្ញវត្ថុ នៃការធានារ៉ាប់រងផ្នែកសុខាភិបាលរបស់ប្រជាជនចិន បានកើនឡើងពី ២៤០ប្រាក់យាន់ចិន ក្នុងមនុស្សម្នាក់ៗកាលពីឆ្នាំ ២០១២ ដល់ទៅ ៦១០ ប្រាក់យាន់ចិនក្នុងឆ្នាំនេះ ការលើកកម្ពស់ប្រាក់សោធននិវត្តន៍ជាមូលដ្ឋានរបស់អ្នកចូលនិវត្តន៍ និងដាក់បញ្ចូលអ្នកឈឺធ្ងន់ឬអ្នកមានពិការភាពធ្ងន់ធ្ងរ នៃគ្រួសារដែលស្ថិតនៅក្បែរខ្សែបន្ទាត់នៃការធានារ៉ាប់រងជាអប្បបរមា ក្នុងការធានារ៉ាប់រងជាអប្បបរមា។ល។

នៅឆ្នាំនេះ ការចំណាយខាងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិននឹងកើនឡើងជាង ២ ទ្រីលានប្រាក់យាន់ចិន បើប្រៀបធៀបនឹងឆ្នាំមុន។ ស្របពេលជាមួយគ្នានេះ រដ្ឋបាលក្នុងតំបន់ត្រូវបានតម្រូវឱ្យគ្រប់គ្រង និងចាត់ចែងថវិកាឱ្យបានល្អដែលមិនខ្ជះខ្ជាយ។ រដ្ឋបាលគ្រប់ថ្នាក់បាននិងកំពុងកាត់បន្ថយពន្ធដារ និងថ្លៃសេវារដ្ឋបាលក្នុងគោលបំណង ធ្វើឱ្យប្រជាជនចិននៅទូទាំងប្រទេស សុទ្ធតែមានជីវភាពរស់នៅដ៏ល្អប្រសើរ។ នេះជាគំនិតឯកភាពរួមរបស់តំណាងប្រជាជន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលចិនបានចាត់ទុកក្តីរំពឹងទុករបស់ប្រជាជន ជាទិសដៅនៃអភិបាលកិច្ច ពុះពារបញ្ហាប្រឈមនិងហានិភ័យជាច្រើន ខំប្រឹងរក្សាសេដ្ឋកិច្ចឱ្យបោះជំហានទៅមុខដោយនឹងនរ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាបន្តបន្ទាប់។ ក្នុងឆ្នាំថ្មី រដ្ឋាភិបាលចិននឹងបន្តចាត់ទុកការធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាអាទិភាព ពុះពារគ្រប់ឧបសគ្គនិងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីកសាងជីវភាពរស់នៅកាន់តែល្អបវរជូនប្រជាជនចិន៕