(សេអ៊ូល)៖ ប្រភពពីមន្រ្តីសុំមិនបញ្ចេញឈ្មោះមួយរូប នៃការិយាល័យប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រទេសកូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៉ីលបាលីស្ទិគអន្តរទ្វីប (ICBM) ក្នុងពេលឆាប់ៗ ពោលបើលឿនបំផុតគឺក្នុងកំលុងថ្ងៃចន្ទនេះតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។។

ភាពតានតឹងនៅឧបទ្វីបកូរ៉េបាននិងកំពុងមានការកើនឡើង ចំពេលដែលមានសញ្ញាថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតាមការព្រមានរបស់ខ្លួន នាពេលកន្លងមក ដើម្បីចាប់ផ្តើមបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ឡើងវិញ បន្ទាប់ពីបានផ្អាកដោយខ្លួនឯង ចាប់តាំងពីឆ្នាំ២០១៧មក។

កាសែតកូរ៉េខាងត្បូង ចូស៊ុន អ៉ីលបូ (Chosun Ilbo) បានរាយការណ៍ថា ការិយាល័យរបស់ប្រធានាធិបតីផុតអាណត្តិ គឺលោក មូន ចេអ៉ីន បានប្រាប់ប្រធានាធិបតីជាប់ឆ្នោត លោក យូន ស៊ុកយុល (Yoon Suk-yeol) ថា ការបាញ់តេស្តមីស៉ីល ICBM គឺអាចនឹងកើតឡើងក្នុងពេលឆាប់ៗ ហើយវានឹងមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ប្រសិនបើការសាកល្បងនោះកើតឡើង នៅថ្ងៃចន្ទនេះតែម្តង។

គួរបញ្ជាក់ថា ការជូនដំណឹងខាងលើត្រូវបានធ្វើឡើង ខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោកមូន គឺលោក ស៊ូ ហ៊ូន (Suh Hoon) បានផ្តល់របាយការណ៍ដល់លោក យូន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ជុំវិញបញ្ហាជាច្រើនពាក់ព័ន្ធគោលនយោបាយការបរទេស និងសន្តិសុខ។ អ្នកនាំពាក្យការិយាល័យលោក មូន បានទទួលស្គាល់ថា លោក ស៊ូ បានរាយការណ៍ប្រាប់លោក យូន អំពីសកម្មភាពថ្មីៗនេះរបស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៉ីល ព្រមទាំងវិបត្តិអ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត ប៉ុន្តែបានបដិសេធមិនធ្វើការអត្ថាធិប្បាយ ជុំវិញរបាយការណ៍របស់កាសែត Chosun Ilbo៕