(ម៉ូស្គូ)៖ ស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក បានច្រានចោលរបាយការណ៍ដែលថារដ្ឋអាជ្ញារុស្ស៊ីបានគំរាមកំហែងពីការចាប់ខ្លួន និងរឹបអូស ទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុននៃបណ្ដាប្រទេសលោកខាងលិច ដោយថាវាគឺជារឿងមិនពិតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

ប្រតិកម្មរបស់ទីក្រុងម៉ូស្គូ កើតមានឡើង ក្រោយកាសែតអាមេរិក Wall Street Journal បានរាយការណ៏កាលពីថ្ងៃអាទិត្យថា «រដ្ឋអាជ្ញារស្ស៊ី បានចេញការព្រមានដល់ក្រុមហ៊ុនលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ពីការចាប់ខ្លួនប្រធានក្រុមហ៊ុនណាដែលរិះគន់រដ្ឋាភិបាល ឬ រឹបអូសទ្រព្យសម្បតិ្តក្រុមហ៊ុនដែលដកខ្លួនចេញពីរុស្ស៊ី»

ស្ថានទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថាអត្ថបទរបស់ Wall Street Journal គឺជារូបភាពនៃការ ចុះផ្សាយព័ត៌មានក្លែងក្លាយ។ ស្ថានទូត ក៏ជំរុញផងដែរឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ឈប់ការចុះផ្សាយព័ត៌មានក្លែងក្លាយ ដោយអះអាងថា «បើទោះបីស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ ក៏ផលប្រយោជន៍ពាណិជ្ជកម្មរបស់អាមេរិក ក្នុងទីផ្សាររុស្ស៊ីមិនត្រូវបានរំលោភបំពានតាមវិធី ណាមួយឡើយ»