(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក សូលីវ៉ាន់ (Jake Sullivan) បានព្រមានថាទីក្រុងប៉េកាំងអាចនឹងប្រឈមមុខនឹង ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

ការព្រមានខាងលើរបស់លោក សូលីវ៉ាន់ កើតមានឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថារុស្ស៊ីបានស្នើសុំជំនួយបរិក្ខាយោធាពីចិន ដែលនេះ កំពុងបង្កឱ្យបណ្ដាប្រទេសលោកខាងលិចបារម្ភថា ចិនអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងជួយអ៊ុយក្រែន ការពារប្រទេសរបស់ខ្លួនប្រឆាំងនឹង រុស្ស៊ី។ ប៉ុន្តែ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានច្រានចោលព័ត៌មាននេះ ដោយបញ្ជាក់ថាខ្លួនមិនបានទទួលការស្នើណាមួយពីទីក្រុងម៉ូស្គូ នោះឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, លោក សូលីវ៉ាន់ ក៏បានអះអាងដែរថាទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថាចិនបានដឹងជាមុនខ្លះៗពីសកម្មភាព និងផែនការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ទោះបីជាមិនដឹងទាំងស្រុងក៏ដោយ។ លោកបន្ថែមថា សហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពចិន ហើយព្រមានដែរថាទីក្រុងប៉េកាំងអាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បើហ៊ានជួយរុស្ស៊ី។

គួរបញ្ជាក់ថា លោក ជែក សូលីវ៉ាន់ ត្រូវបានគេរាយការណ៍ថានឹងត្រូវជួបពិភាក្សាការងារជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជៀឈី (Yang Jiechi) នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី៕