(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសរសេរនៅលើគណនី Twitter របស់លោកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ ថាលោកបានធ្វើតេស្តមានវិជ្ជមានកូវីដ១៩ ដោយមានរោគសញ្ញាស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

លោក អូបាម៉ា បានបញ្ជាក់ដូច្នេះថា «ខ្ញុំមានអាការៈរមាស់ក្នុងបំពង់ក ប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អជាធម្មតា»។ លោកបន្ថែមថាភរិយា របស់លោក គឺអតីតជំទាវទី១ អាមេរិក លោកស្រី មីឆែល អូបាម៉ា (Michelle Obama) បានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ហើយក៏បានជំរុញឱ្យ ប្រជាជនអាមេរិកទៅទទួលការចាក់វ៉ាក់សាំង២ដូស រួមដូសជំរុញផងដែរ។

គួរបញ្ជាក់ថា លោក អូបាម៉ា រួមទាំងអតីតប្រធានាធិបតី លោក ជីមមី ខាតធើ (Jimmy Carter), លោក ចច ដាប់ប៊ែលយូ ប៊ូស (George W Bush), លោក ប៊ីល គ្លីតុន (Bill Clinton) រួមទាំងភរិយា ធ្លាប់បានបង្ហាញខ្លួនរួមគ្នាក្នុងវីដេអូមួយ ដែលបានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២១ ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាកសាំងរបស់អាមេរិក និងបានចែករំលែកពីការនឹកស្រណោះពីជីវភាព មុនពេលផ្ទុះ COVID-19៕