(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានប្រាប់ឱ្យដឹងថា គោលដៅរបស់ប្រតិភូអ៊ុយក្រែន ដែលចូលរួមក្នុងកិច្ចចរចាជាមួយរុស្ស៉ី គឺដើម្បីសម្រេចឱ្យបានការធានាមួយចំនួន និងដើម្បីព្យាយាមរៀបចំឱ្យមានជំនួបរវាងរូបលោក ហើយនិងប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកទល់ពេលនេះ អ៊ុយក្រែននិងរុស្ស៉ី បានជួបចរចាគ្នាចំនួន៣លើក នៅឯប្រទេសបេឡារុស ប៉ុន្តែជំនួបទាំងនេះត្រូវបានរៀបចំឡើង តែក្នុងកម្រិតរវាងក្រុមមន្រ្តីនៃប្រទេសទាំងពីរ ប៉ុណ្ណោះ ដោយមេដឹកនាំគឺលោក ហ្សេលេនស្គី និងលោក ពូទីន មិនទាន់បានជួបគ្នាម្តងនៅឡើយទេ។ រីឯកាលពីថ្ងៃទី១០ ខែមីនា ប្រមុខការទូតអ៊ុយក្រែននិងរុស្ស៉ី បានជួបគ្នាក្រៅផ្លូវការនៅតួកគី។

គួរបញ្ជាក់ថា យោងតាមប្រភពពីភាគីទាំងពីរ កិច្ចចរចាជុំបន្ទាប់រវាងអ៊ុយក្រែននិងរុស្ស៉ី នឹងត្រូវប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) តាមប្រព័ន្ធអនឡាញ៕