(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនចំណាយប្រាក់ជាង ២លានដុល្លារក្នុងមួយខែ ដើម្បីផ្តល់ការការពារសន្តិសុខ២៤ម៉ោងលើ២៤ម៉ោង ដល់អតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo និងអតីតជំនួយការកំពូលរបស់គាត់ ដែលពួកគេទាំងពីរនាក់ប្រឈមមុខនឹងការគម្រាមកំហែង «ធ្ងន់ធ្ងរ និងគួរឱ្យទុកចិត្ត» ពីប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២២។

ក្រសួងការបរទេសបានប្រាប់សភានៅក្នុងរបាយការណ៍ថា ការចំណាយលើការការពារសន្តិសុខ លោក Pompeo និងអតីតបេសកជនអ៊ីរ៉ង់ លោក Brian Hook ចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ អស់ចំនួន១៣.១លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា លោក Pompeo និងលោក Hook បានដឹកនាំយុទ្ធនាការដាក់ «សម្ពាធអតិបរមា» របស់រដ្ឋបាល Trump ប្រឆាំងនឹងអ៊ីរ៉ង់។ ចារកម្មអាមេរិកវាយតម្លៃថា ការគំរាមកំហែងចំពោះពួកគេនៅតែកើតមានចាប់តាំងពីពួកគេចាកចេញពីរដ្ឋាភិបាល ហើយអាចកាន់តែខ្លាំងឡើង។ ការគម្រាមកំហែងនេះនៅតែបន្តកើតមាន បើទោះបីជារដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden បានចូលរួមក្នុងការចរចាដោយប្រយោលជាមួយប្រទេសអ៊ីរ៉ង់ ជុំវិញការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដ៏សំខាន់ក៏ដោយ៕