(មូស្គូ)៖ ស្របពេលដែលប្រទេសរុស្ស៊ី បានកាត់ផ្តាច់ជាផ្លូវការពីប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូធនាគាររដ្ឋរុស្ស៊ី VTB បានផ្តល់ឱកាសដល់អតិថិជនរបស់ខ្លួន ក្នុងការបើកគណនីសន្សំប្រាក់យ័នរបស់ចិន ដែលផ្តល់អត្រាការប្រាក់អតិបរមា៨%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។

ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយមើលឃើញពីការកើនឡើងអត្រាប្តូរប្រាក់ នៃប្រាក់ដុល្លារ និងអឺរ៉ូ អតិថិជនជាច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើរូបិយប័ណ្ណផ្សេងទៀត ហើយប្រាក់យ័នគឺជាជម្រើសមួយក្នុងចំណោមជម្រើស ដែលអាចទទួលយកបាន និងជោគជ័យបំផុតសម្រាប់ការវិនិយោគមូលនិធិ»

យោងតាម RT ធនាគារធំទីពីររបស់ប្រទេសនេះ ត្រូវបានរងការវាយប្រហារដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្នុងគោលបំណងធ្វើឱ្យរុស្ស៊ីឯកោផ្នែកហិរញ្ញវត្ថុទាំងស្រុង ជុំវិញបញ្ហាសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន៕